(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានធ្វើការសុំទោស ចំពោះកង្វះខាតនៅថ្ងៃដំបូង ក្នុងការរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍អាយុក្រោម ២៣ឆ្នាំ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោនាល្ងាចថ្ងៃទី១៤ ខែកុម្ភៈម្សិលមិញ ដោយសហព័ន្ធបានសន្យាកែតម្រូវចំណុចខ្វះខាត ៣ចំណុច ដើម្បីសម្រួលទស្សនិកជន បន្ទាប់ពីមានប្រតិកម្មមួយចំនួនពីអ្នកគាំទ្រ។

ប្រភពខាងលើបានបញ្ជាក់ថា «ក្រុមការងារសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សុំអភ័យទោសសម្រាប់ការខ្វះខាតក្នុងការរៀបចំព្រឹត្តិការណ៍ AFF U23 Championship 2022 នៅពហុកីឡដ្ឋានមរតកតេជោ។ នេះជាលើកទី១ សម្រាប់ក្រុមការងាររបស់យើងនៅពហុកីឡដ្ឋានដ៏ធំនេះ។ ផ្អែកលើបទពិសោធន៍នៃថ្ងៃដំបូងក្រុមការងារបានកំណត់ចំណុចខ្វះខាត និងដាក់ជាផែនការថ្មីក្នុងការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីឲ្យមានភាពរលូនជាងថ្ងៃដំបូង ដែលយើងបានឆ្លងកាត់សម្រាប់បងប្អូនអាចចូលរួមជាមួយនឹងភាពងាយស្រួលនៅក្នុង (១) កន្លែងចតរថយន្ដ និងម៉ូតូ (២) វិធានការសុខាភិបាល (៣) ការណែនាំ និងលំហូរចូលតំបន់អង្គុយ»

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ AFF U23 Championship 2022 នៅកម្ពុជា បានចាប់ផ្ដើមការប្រកួតកាលពីថ្ងៃទី១៤ ខែកុម្ភៈម្សិលមិញ ដោយមាន ២គូរួមមានក្រុមទីម័រខាងកើត ស្មើហ្វីលីពីន ២-២ និងក្រុមម្ចាស់ផ្ទះកម្ពុជា យកឈ្នះប្រ៊ុយណេ ៦-០ ក្នុងព្រឹត្តិការណ៍ដំបូង ដែលរៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោនេះ គេឃើញមានអ្នកគាំទ្រប្រមាណជាង ២៤,០០០នាក់បានចូលរួមទស្សនា ពិសេសគាំទ្រក្រុមគោព្រៃជំទង់កម្ពុជា។ ប៉ុន្ដែក្រោយចប់ការប្រកួត មានអ្នកគាំទ្រមួយចំនួនបានធ្វើការរិះគន់ទៅនឹងកន្លែងផ្ញើរថយន្ដ និងម៉ូតូ ដែលមានភាពយឺតយ៉ាវក្នុងសេវាហែកសំបុត្រនាំឲ្យមានភាពកកស្ទះ និងយឺតយ៉ាវត្រឡប់ទៅគេហដ្ឋានខ្លួនវិញ៕