(សៅប៉ូឡូ)៖ កីឡាករក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនចំនួន ៤រូបត្រូវបាន FIFA ដាក់ទណ្ឌកម្មមិនឲ្យលេង ២ប្រកួត នៃវគ្គជម្រុះ FIFA World Cup 2022 ដែលនៅសល់ នៅពេលពួកគេទាំងនោះបានល្មើសវិធានការការពារកូវីដ-១៩ ដែលធ្វើឲ្យការប្រកួតទល់នឹងសាំបាប្រេស៊ីល នាពេលកន្លងមកត្រូវបានពន្យារពេលផងដែរ។
កីឡាករទាំង ៤នាក់នោះមាន ៣នាក់មកពីលីគកំពូលអង់គ្លេស Premier League រួមមាន Emiliano Buendia និង Emiliano Martinez របស់ក្លិប Aston Villa រួមទាំង Cristian Romero មកពី Tottenham Hotspur និង Giovanni Lo Celso មកពី Villarreal ដែលសុទ្ធសឹងតែត្រូវបានព្យួរជើង ២ប្រកួតដែលនៅសល់សម្រាប់ក្រុមនៅតំបន់អាមេរិកឡាទីននេះដូចគ្នា។
នេះមានន័យថា ក្រុមពពកសអាហ្សង់ទីនពុំមានវត្តមានកីឡាករទាំង ៤នាក់ខាងលើឡើយពេលប៉ះក្រុមភ្ញៀវវេណេហ្សូអេឡា និងធ្វើជាភ្ញៀវវិញរបស់ក្រុមអេក្វាទ័រនាខែមីនា ឆ្នាំ២០២២ ខាងមុខ។
ដូចគ្នានោះដែរ ទាំងសហព័ន្ធបាល់ទាត់អាហ្សង់ទីន និងប្រេស៊ីល ក៏ត្រូវបាន FIFA ពិន័យជាទឹកប្រាក់ប្រមាណ ៤០០០០ផោនផងដែរ ដោយសារតែលើកការប្រកួត ដ្បិតប្រេស៊ីលត្រូវបង់ ៤០០០០០ផោនផ្សេងទៀត ដោយសារភាពធូររលុងនៃសន្តិសុខ ជាពិសេសវិធានការកូវីដតែម្តង ដ្បិតសហព័ន្ធអាហ្សង់ទីន ត្រូវពិន័យ ១៦០០០០ផោនទៀត ទៅលើកាតព្វកិច្ចការពារកូវីដ និងរៀបចំខ្លួនមិនបានគ្រប់គ្រាន់សម្រាប់ការប្រកួត៕