(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា (U23) បានយកឈ្នះគូប្រជែង U23 ប្រ៊ុយណេដល់ទៅ ៦ទល់នឹង០ ដើម្បីជាការអបអរវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោផង ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២។

៣ពិន្ទុដ៏សំខាន់ក្នុងដីនេះដែរ បានជួយឲ្យគោព្រៃជំទង់កម្ពុជា ឡើងទៅឈរនៅកំពូលតារាងផងដែរ ដ្បិត U23 ហ្វីលីពីន និងទីម័រខាងកើតបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ នៅរសៀលថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះដែរ។

ក្នុងប្រកួតផ្លូវការនៃវគ្គសន្សំពិន្ទុប្រចាំពូល A នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ២ម៉ឺននាក់ក្រោមដំណក់ទឹកភ្ញៀង ជាមួយនឹងការពន្យារពេល ៣០នាទីផងនោះ កម្ពុជាបានបើកការនាំមុខប្រ៊ុយណេ ៣ទល់នឹង០ ផងដែរសម្រាប់រយៈពេល ៤៥នាទីដំបូង មុនបន្ថែម ៣គ្រាប់ទៀត និងរក្សា Clean sheet ពីសំណាក់អ្នកចាំទី ហ៊ុល គឹមហុយ ទៀតផង៕