(ភ្នំពេញ)៖ ខណៈការប្រកួតពានរង្វាន់ AFF U23 Championship 2022 នឹងចូលមកដល់ថ្ងៃទី១៤ ខែកុម្ភៈស្អែក គេឃើញសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសដាក់ជួលនូវបន្ទប់ VIP នាពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីទស្សនាព្រឹត្តិការណ៍ប្រចាំតំបន់នេះ ក្រៅពីសំបុត្រចូលទស្សនាទាំង ៤ប្រភេទ ពិសេសការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ខណៈតម្លៃបន្ទប់ពិសេសនេះ មានតម្លៃរហូតដល់ ២,៤០០ដុល្លារក្នុងមួយបន្ទប់ ។
សម្រាប់បន្ទប់ VIP លំដាប់សណ្ឋាគារផ្កាយ ៥ ដែលបានដាក់ជួលខាងលើ រួមមាន៖ បន្ទប់ VIP ខ្នាតធំ ផ្ទុកបាន ៤០នាក់ រួមជាមួយអាហារ និងភេសជ្ជៈជាច្រើនប្រភេទ ត្រូវបានដាក់ជួលក្នុងតម្លៃ ២,៤០០ដុល្លារក្នុងមួយបន្ទប់ ។ បន្ទាប់មកមានបន្ទប់ VIP ខ្នាតកណ្ដាល ផ្ទុយបាន ២០នាក់ រួមជាមួយអាហារ និងភេសជ្ជៈជាច្រើន មានតម្លៃ ១,២០០ដុល្លារក្នុងមួយបន្ទប់ ។ រីឯបន្ទប់ VIP ខ្នាតតូច ផ្ទុកបាន ១០នាក់ រួមជាមួយអាហារ និងភេសជ្ជៈមួយចំនួនមានតម្លៃ ៦០០ដុល្លារក្នុងមួយបន្ទប់ ។
បន្ថែមលើនេះ ក៏មានបន្ទប់សណ្ឋាគារខាងក្នុងពហុកីឡដ្ឋាន សម្រាប់ជួលអំឡុងពេលថ្ងៃប្រកួតរបស់ក្រុមគោព្រៃជំទង់កម្ពុជា ដែលមានតម្លៃ ៣០០ដុល្លារក្នុង ១បន្ទប់ មានគ្រែ ៣ ហើយអាចកម្មង់អាហារ និងភេសជ្ជៈ ព្រមទាំងអាចធ្វើការបន្ថែមកៅអីនៅវេរង់ដាមុខបន្ទប់បានចំនួន ១០នាក់មានតម្លៃ ២០០ដុល្លារផងដែរ ។
គួរដឹងថា នេះគឺជាតម្លៃសម្រាប់បន្ទប់ VIP និងសណ្ឋាគារ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាសំណង់ប្រវត្តិសាស្ដ្ររបស់កម្ពុជា ដើម្បីទស្សនាព្រឹត្តិការណ៍ AFF U23 Championship 2022 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤-២៦ ខែកុម្ភៈ បន្ថែមលើការដាក់លក់សំបុត្រ ៤ប្រភេទ រួមមានតម្លៃ ៣០,០០០រៀល, ២០,០០០រៀល, ១៤,០០០រៀល និងតម្លៃ ៨,០០០រៀល ។
ក្រឡេកទៅចាប់អារម្មណ៍យុទ្ធនាការខាងលើវិញ ក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល A ជាមួយហ្វីលីពីន ទីម័រខាងកើត និងព្រុយណេ ខណៈប្រកួតដំបូងកម្ពុជា នឹងត្រូវជួបក្រុម U23 ព្រុយណេ នាវេលាម៉ោង ៧យប់ស្អែកនេះ ក្រោយចប់ការប្រកួតរវាងទីម័រខាងកើត និងហ្វីលីពីន នៅពហុកីឡដ្ឋានជាតិមរតកតេជោដូចគ្នា ។ រីឯ ២ពូលទៀត គឺពូល B នៅសល់បេក្ខភាព ៣ក្រុមប៉ុណ្ណោះ បន្ទាប់ពីឥណ្ឌូនេស៊ីដកខ្លួន រួមមានម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ខណៈពូល C មាន ៣ក្រុមដូចគ្នា រួមមានថៃ វៀតណាម និងសិង្ហបុរី៕