(តូក្យូ)៖ ក្រុមហ៊ុន Toyota Moto បានលើកឡើងនៅថ្ងៃពុធថា គ្រោងកាត់បន្ថយគោលដៅផលិតកម្មប្រចាំឆ្នាំរបស់ខ្លួនដោយកាត់បន្ថយរថយន្តចំនួនកន្លះលានគ្រឿងបន្ថែមទៀតដោយសារតែមានបញ្ហាកង្វះខាតបន្ទះឈីប និង បញ្ហាជំងឺរាតត្បាតកូវីដ១៩ ជាសកលកំពុងតែវាយលុកនៅក្នុងទីផ្សារ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃ០៩ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ពិភពលោកខាងលើកាលពីប៉ុន្មានសប្តាហ៍មុនបានបង្ហាញថា ពួកគេគ្រោងផលិតរថយន្តឱ្យបានចំនួន ៩លានគ្រឿង ប៉ុន្តែគិតមកដល់ពេលនេះគឺបានកាត់បន្ថយមកនៅត្រឹមតែ ៨.៥លានគ្រឿងវិញគិតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដោយឃើញថាមានការកាត់បន្ថយរហូតដល់ទៅកន្លះលានគ្រឿងដែលជាចំនួនដល់ច្រើនសម្រាប់ផលិតកម្ម។ ខណៈដែលពួកគេបានប្រកាសពីប្រាក់ចំណេញកាលពីត្រីមាសមុនមានការធ្លាក់ចុះចំនួន ២១ភាគរយសម្រាប់រយៈពេល ៣ខែដែលគិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ដូចទៅនឹងក្រុមហ៊ុនផលិតរថយន្តធំៗនៅលើពិភពលោកដែរ ក្រុមហ៊ុន Toyota តែងតែរំពឹងថានឹងផលិតរថយន្តឱ្យបានចំនួន ៩.៣លានគ្រឿងនៅទូទាំងពិភពលោកនៅដើមឆ្នាំនៃត្រីមាសទី ១របស់ខ្លួន ប៉ុន្តែត្រូវបានបង្ខំឱ្យកាត់បន្ថយទិន្នផលវិញ នៅខណៈដែរជំងឺកូវីដ១៩ បានបង្កការបំផ្លិចបំផ្លាញដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

ដោយឡែកកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Toyota ដើម្បីបង្កើនប្រាក់ចំណេញគឺបានមកពីតម្រូវការដ៏ខ្លាំងនៅក្នុងទីផ្សារសំខាន់ៗដូចជាប្រទេសចិន សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលអនុញ្ញាតឱ្យឡើងថ្លៃ និងបន្ថយការលើកទឹកចិត្តដែលខ្លួនចំណាយដើម្បីទាក់ទាញអតិថិជន។

ជាក់ស្តែងក្រុមហ៊ុន Toyota បានកំពុងជាប់គាំងជាមួយការព្យាករណ៍ប្រាក់ចំណេញពេញមួយឆ្នាំរបស់ខ្លួនដែលមានចំនួន ២.៨ពាន់ពាន់លានយ៉េន (ស្មើរ ២៤.៣ ពាន់លានដុល្លារអាមេរិក) ខណៈដែលការព្យាករណ៍នោះគឺទាបជាងប្រាក់ចំណេញជាមធ្យមដែលមានចំនួន ៣.០៤ ពាន់ពាន់លានយ៉េន៕