(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Meta ទើបតែដាក់ឱ្យប្រើនូវមុខងារថ្មីនៅលើ Messenger ដូច្នេះនឹងលែងមានការលំបាកទៀតហើយក្នុងផ្ញើជាសម្លេងទៅកាន់នរណាម្នាក់ ជាក់ស្តែងនៅពេលដែលត្រូវផ្ញើជាសម្លេងគឺមានរយៈពេលតិចមែនទែនដែលមានត្រឹមតែ ១នាទីឬក៏តិចជាងនេះប៉ុណ្ណោះ។

នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Pocketnow នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

សម្រាប់មុខងារផ្ញើសារជាសម្លេងថ្មីនេះនឹងអនុញ្ញាតឱ្យអ្នកប្រើផ្អាកការថតសម្លេង ឬ ស្តាប់សារសម្លេងនោះម្តងទៀតមុននឹងផ្ញើទៅនរណាម្នាក់ ហើយក៏អាចលុបសារសម្លេងនោះបានប្រសិនបើមិនចង់ផ្ញើ។ មួយវិញទៀតយើងអាចផ្ញើសម្លេងនោះបានវែងជាង១នាទី ឬ វែងបំផុតនោះអាចបានដល់ទៅ៣០នាទីឯណោះ។ ខណៈដែលមុខងារនេះពីមុនបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចុចប៊ូតុងឱ្យជាប់ទើបអាចថតសម្លេងបាន នៅពេលដែលលែងម្រាមដៃលើប៊ូតុងនោះនឹងផ្ញើសារទៅភ្លាមៗតែម្តង។

ចំពោះអ្នកប្រើប្រាស់ដែលចង់បានមុខងារថ្មីនេះនៅលើ Messenger គឺគ្រាន់ទៅធ្វើការអាប់ដែតនៅលើ Messenger នៅ Version ចុងក្រោយបង្អស់នឹងទទួលបានមុខងារថ្មីនេះជាការស្រេច៕