(ភ្នំពេញ)៖ នៅពេលចាប់ផ្ដើមបើកដំណើរការក្រុមហ៊ុន រោងចក្រ សហគ្រាសអាជីវកម្មមួយ កម្មករនិយោជិតបំពេញការងារ គឺជាតម្រូវការចាំបាច់មួយដើម្បីធានានូវសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន រោងចក្រ សហគ្រាសនោះ ។ ជាគោលការណ៍ កម្មករនិយោជិតជាជនជាតិខ្មែរ ត្រូវតែមានអាទិភាពមុនគេ សម្រាប់ការជ្រើសរើសឱ្យចូលទៅបម្រើការងារនៅក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាស ។
ប៉ុន្តែក្នុងករណីមិនអាចរកកម្មករនិយោជិត ជាជនជាតិខ្មែរសម្រាប់បំពេញតម្រូវការជាក់ស្ដែងបាន ឬមានបំណងចង់បានកម្មករនិយោជិតបរទេសដែលជាអ្នកជំនាញ អ្នកឯកទេស ដើម្បីចូលមកបំពេញការងារឱ្យខ្លួន ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ អាចធ្វើការស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេសទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទៅតាមតម្រូវការជាក់ស្ដែង និងស្របតាមលក្ខខណ្ឌដែលច្បាប់បានកំណត់ ។
តើអ្វីទៅជាការស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស ? តើមានលក្ខខណ្ឌ និងបែបបទក្នុងការស្នើសុំបែបណាខ្លះ ?
ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស» មកធ្វើការបង្ហាញជូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម។
ការស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) គឺជាការស្នើសុំកម្មករនិយោជិត ដែលជាជនជាតិបរទេស ដើម្បីឱ្យចូលមកបម្រើការងារនៅក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាសមួយ ទៅតាមតម្រូវការជាក់ស្ដែង ។ ជាទូទៅ ការស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស ត្រូវធ្វើឱ្យបានមុនដំណាច់ខែវិច្ឆិកា នៃឆ្នាំនីមួយៗ ដើម្បីប្រើប្រាស់សម្រាប់ឆ្នាំបន្ទាប់ ។ ចំនួនហត្ថពលកម្មដែលនឹងត្រូវអនុញ្ញាតឱ្យប្រើប្រាស់ ត្រូវបានកំណត់មិនលើសពី ១០% នៃចំនួនកម្មករនិយោជិតខ្មែរសរុប ដែលមាននៅក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាសនោះ ។
ការកំណត់ចំនួនអតិបរមា ១០% នេះ ត្រូវបែងចែកទៅតាមប្រភេទកម្មករនិយោជិតដូចខាងក្រោម៖
១៖ និយោជិតការិយាល័យ ៣ %
២៖ និយោជិត ឬកម្មករឯកទេស ៦%
៣៖ និយោជិត ឬកម្មករគ្មានឯកទេស ១% ។
ក្នុងករណីមានតម្រូវការចាំបាច់ ដែលត្រូវប្រើប្រាស់ហត្ថពលកម្មបរទេសលើសពីចំនួនអត្រា ១០ % ដែលបានកំណត់ ការស្នើសុំត្រូវតែលម្អិតអំពីឯកទេស ឬមុខជំនាញរបស់កម្មករនិយោជិតបរទេសម្នាក់ៗឱ្យបានច្បាស់ ក៏ដូចជាមូលហេតុដែលនាំឱ្យមានតម្រូវការប្រើប្រាស់លើសពីចំនួនដែលត្រូវអនុញ្ញាតនោះ ។
បន្ថែមពីនេះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេស (The Foreign Workers Centralized Management System) ដើម្បីគ្រប់គ្រងការប្រើប្រាស់ហត្ថពលកម្មបរទេសនៅកម្ពុជា តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ www.fwcms.mlvt.gov.kh (http://www.fwcms.mlvt.gov.kh/) ដែលនឹងត្រូវដំណើរការចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ តទៅ ។
មានន័យថា ការស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) ត្រូវស្នើសុំតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ FWCMS ដោយត្រូវបំពេញនូវរាល់ព័ត៌មានតម្រូវទាំងអស់ និងអនុវត្តតាមលក្ខខណ្ឌទាំងអស់ ដែលមានកំណត់នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ FWCMS ។
យោងតាមប្រកាសអន្តរក្រសួង ស្ដីពីការផ្ដល់សេវាសាធារណៈដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រាល់ការស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) ទាំងអស់ តម្រូវឱ្យបង់សេវាសាធារណៈចំនួន ២០.០០០ ម៉ឺនរៀល ដែលជាភាពងាយស្រួល អ្នកស្នើសុំអាចបង់កម្រៃសេវា តាមរយៈធនាគារក្នុងស្រុកមួយចំនួន ដែលក្រសួងបានកំណត់ ។
បន្ទាប់ពីបានស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេសរួចរាល់ហើយ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសនោះ ត្រូវមានកាតព្វកិច្ចយកកិច្ចសន្យាការងាររបស់ជនបរទេសម្នាក់ៗ មកចុះបញ្ជីការនៅនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។
សម្រាប់រោងចក្រ សហគ្រាសនៅតាមបណ្ដាខេត្ត អាចចុះបញ្ជីការនៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងខេត្តនោះបាន ។ ផ្ទុយទៅវិញក្នុងករណីក្រុមហ៊ុន រោងចក្រ សហគ្រាសណាមួយ ដែលមានប្រើប្រាស់ហត្ថពលកម្មបរទេស ប៉ុន្តែមិនបានស្នើសុំឱ្យបានត្រឹមត្រូវស្របតាមច្បាប់ទេ ក្រុមហ៊ុន រោងចក្រ សហគ្រាសនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងទទួលពិន័យស្របតាមទោសបញ្ញត្តិដែលមានចែងនៅក្នុងច្បាប់ស្ដីពីការងារ ។
សរុបសេចក្ដីមក នៅពេលដែលក្រុមហ៊ុន រោងចក្រ សហគ្រាសមួយមានតម្រូវការចង់បានកម្មករនិយោជិតជាជនបរទេសមកបំពេញការងារ ចាំបាច់ត្រូវស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ ម៉្យាងវិញទៀត បច្ចុប្បន្ននេះ ដើម្បីផ្ដល់ភាពងាយស្រួល និងកាត់បន្ថយការចំណាយពេលវេលា ក៏ដូចជាធានាបាននូវនិរន្តរភាពការងារ នៅក្នុងបរិបទនៃការរីករាលដាល នៃជំងឺកូវីដ-១៩ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ អាចធ្វើការស្នើសុំហត្ថពលកម្មបរទេស (កូតា) តាមរយៈប្រព័ន្ធគ្រប់គ្រងការប្រើប្រាស់ហត្ថពលកម្មបរទេសនៅកម្ពុជា FWCMS បានយ៉ាងងាយស្រួល និងឆាប់រហ័ស។
រៀបរៀងដោយ៖ លោកស្រីមេធាវី មាស រ៉ាវីន និងលោក ឡេង ពុទ្ធិតារា ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥, អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com (http://www.ciclg.com/), ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕