(ភ្នំពេញ)៖ ក្រោយមានការចង្អុលបង្ហាញពីក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានបើកកម្មវិធីសិក្សាស្ដង់ដារអន្ដរជាតិថ្មីមួយ សម្រាប់និស្សិតរបស់ខ្លួន ដោយការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ១ឆ្នាំ បន្ដការសិក្សា ៣ឆ្នាំនៅសាកលវិទ្យាល័យ Angelo State University (ASU) ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក ហើយនិស្សិតនឹងទទួលបានសញ្ញាបត្រ ២ ពីសាកលវិទ្យាល័យទាំងពីរ ក្រោយបញ្ចប់ការសិក្សា ។
លោកបណ្ឌិត ជេត ជាលី សកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រសាសន៍ថា កម្មវិធីនេះ បានចាប់ផ្ដើមទទួលពាក្យហើយ ដោយនឹងបញ្ចប់នាថ្ងៃទី២៨ ខែកុម្ភៈ មុនសាលានឹងរៀបចំការប្រឡងចូលរៀន នាថ្ងៃទី០៥ ខែមីនា ។ សម្រាប់និស្សិត ដែលប្រឡងជាប់ នឹងត្រូវចូលរៀនផ្លូវការ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ។ ដូច្នេះលោកបានអំពាវនាវឲ្យសិស្ស-និស្សិត ដែលមានចំណាប់អារម្មណ៍ ពិសេសសិស្ស-និស្សិតដែលពូកែផ្នែកភាសាអង់គ្លេស និងគណិតវិទ្យា រួសរាន់ដាក់ពាក្យឲ្យបានទាល់ពេលវេលា ។
លោកបន្ដថា សាកលវិទ្យាល័យ ASU គឺជាសាកលវិទ្យាល័យរដ្ឋមួយ នៅរដ្ឋ Texas សហរដ្ឋអាមេរិក ។ ដោយមានការចង្អុលបង្ហាញពីក្រសួងអប់រំ បានណែនាំឲ្យ ASU ភ្ជាប់ទំនាក់ទំនងជាមួយ RUPP ទើបជំរុញឲ្យមានកិច្ចព្រមព្រៀងក្នុងការបញ្ជូននិស្សិត និងទទួលស្គាល់គុណភាពសិក្សាគ្នាទៅវិញទៅមក ដែលផ្ដោតលើកម្មវិធីសិក្សាធំៗ ២ គឺវិទ្យាសាស្ដ្រពិត និងវិទ្យាសាស្ដ្រសង្គម លើមុខជំនាញសិក្សារួមមាន Business Administration, Engineering, Computer Science Biology, Chemistry និង Physics ។
លោកថា «សម្រាប់ផ្នែកវិទ្យាសាស្ដ្រសង្គម អាចរៀននៅយើង ១ឆ្នាំក៏បាន ២ឆ្នាំក៏បាន ហើយបន្ថែមនៅ ASU ៣ឆ្នាំ ឬ ២ឆ្នាំទៀតបានសញ្ញាបត្រពីគាត់(ASU) ។ ប៉ុន្ដែខាងវិទ្យាសាស្ដ្រពិត ក្រោយពិនិត្យមើលកម្មវិធីសិក្សាយើង និងកម្មវិធីសិក្សានៅ ASU ហើយ គាត់មិនអាចឲ្យ ២ឆ្នាំនៅយើង ២ឆ្នាំនៅគាត់ទេ ដាច់ខាតគឺរៀន ១ឆ្នាំនៅយើង និង ៣ឆ្នាំនៅគាត់ ព្រោះវិទ្យាសាស្ដ្រពិត ត្រូវការពិសោធន៍ច្រើនជាង ពិបាកច្រើនជាង និងត្រូវការវិនិយោគច្រើនជាង ដើម្បីសម្រេចបាននូវផ្លែផ្កាក្នុងការសិក្សារបស់ពួកគាត់» ។
ដោយពិនិត្យឃើញតម្លៃសិក្សាក៏អំណោផល ហើយគុណភាពអប់រំ ក៏អំណោយផល រួមជាមួយលក្ខខណ្ឌពិសេសៗជាច្រើន ដែលសាកលវិទ្យាល័យទាំងពីរ បានឯកភាពគ្នា លោកបណ្ឌិត ជេត ជាលី បានលើកទឹកចិត្តឲ្យយុវជន និងនិស្សិតខ្មែរ គួរចាប់យកឱកាសមាសនេះ ដើម្បីទទួលបានចំណេះដឹង វប្បធម៌ បទពិសោធន៍ជិវីត និងអត្ថប្រយោជន៍ជាច្រើនទៀត ជាក់ស្ដែងនិស្សិតចូលរៀនក្នុងកម្មវិធីនេះ ASU តម្រូវបង់សាលាតែជាង ៩ពាន់ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ខុសពីអ្នកធម្មតាដែលត្រូវបង់ជាង ២ម៉ឺនដុល្លារ ។
លោកបន្ថែមថា «កម្មវិធីនេះ សម្រាប់សិក្សានៅខ្មែរយើងតម្លៃជាង ៥,០០០ដុល្លារក្នុងមួយឆ្នាំ ។ ប៉ុន្ដែទៅអាមេរិកជាង ៩,០០០ដុល្លារក្នុងមួយឆ្នាំ (តម្លៃសាលា មិនគិតការចំណាយផ្សេងៗ) ។ តម្លៃនេះ គេគិតយើងដូចពលរដ្ឋក្នុងរដ្ឋរបស់គេ តែបើគេគិតថា យើងរស់នៅក្រៅរដ្ឋគេវិញ គេយកជាង ២ម៉ឺនដុល្លារ ។ អ៊ីចឹងខ្ញុំគិតថា នេះជាឱកាសមួយ ដែលយុវជនយើង ពេលចេញទៅនឹងឃើញជើងមេឃធំប៉ុនណា? ជាឱកាសមួយ ដែលគិតថា យើងជាកូនរបស់គេផ្ទាល់ ព្រោះថា បើយើងទៅតាមខ្លួនឯង ត្រូវបង់លុយតែម្ដង អស់ច្រើនណាស់» ។
លោកសង្កត់ធ្ងន់ថា «មិនមែនថា បង្អាប់រៀនក្នុងស្រុក មិនកើតទេ ក៏ប៉ុន្ដែរឿងដែលសំខាន់ យើងចេញទៅសិក្សានៅក្រៅ យើងនឹងជួបវប្បធម៌មួយផ្សេង ការគិតផ្សេង ដំណោះស្រាយផ្សេង និយាយទៅជើងមេឃទូលំទូលាយជាង ។ យើងទៅរៀនបរទេស យើងមិនត្រឹមចេះនូវជំនាញយើងរៀនទេ យើងបានចេះរបៀបរស់នៅ និងអ្វីៗសព្វបែបយ៉ាងជាច្រើនទៀត ។ ការរៀនក្នុងស្រុកវាល្អមួយ ហើយរៀនក្រៅស្រុកវាល្អមួយទៀត ។ កម្មវិធីនេះ អ្វីដែលល្អ គឺទាំងពីរ ក្នុងស្រុកក៏យើងរៀន ក្រៅស្រុកក៏យើងរៀន» ។
«ពេលយើងរៀននៅស្រុកខ្មែរមួយឆ្នាំ ពិន្ទុយើងទាំងអស់ ទទួលស្គាល់ដោយ ASU ហើយពេលនិស្សិតយើងទៅរៀនឆ្នាំទី២ ដល់ឆ្នាំទី៤ នៅគេ ជាកាតព្វកិច្ច ពួកខ្ញុំត្រូវតែទទួលស្គាល់ពិន្ទុទាំងអស់វិញ ។ ដូច្នេះពួកគេនៅតែជានិស្សិតរបស់ខ្ញុំ ខ្ញុំចេញសញ្ញាបត្រមួយ ASU ចេញសញ្ញាបត្រមួយ ។ អ៊ីចឹងជាលក្ខណៈពិសេស នៃការសិក្សា គឺពួកគាត់ទទួលបានសញ្ញាបត្រ ២ ពីសាកលវិទ្យាល័យ ២ ហើយជាលក្ខណៈពិសេសនៃជីវិត គឺពួកគាត់ទទួលបានបទពិសោធន៍ផ្សេងៗ ជាងរៀនតែនៅមួយកន្លែង» ។
ចំពោះលក្ខខណ្ឌចូលរៀន ត្រូវឆ្លងកាត់ការសម្ភាសន៍ជាមុន បន្ទាប់មកទើបទទួលបានពាក្យចូលប្រឡង ដែលការប្រឡងផ្ដោតលើមុខវិជ្ជាគោល ២ គឺអង់គ្លេស និងគណិតវិទ្យា ។ ក្រៅពីនេះ ក៏មានការធ្វើតេស្ដលើមុខជំនាញត្រូវសិក្សាមួយចំនួន ក៏ដូចជាការពិនិត្យលក្ខខណ្ឌហិរញ្ញវត្ថុអាណាព្យបាលរបស់និស្សិត ក្រៅពីត្រូវមានសញ្ញាបត្របាក់ឌុបផងដែរ ។ អ្វីដែលសំខាន់ សិស្ស-និស្សិត ដែលមានបំណងចូលរៀន ដាច់ខាតត្រូវមានចំណេះដឹងភាសាអង់គ្លេសខ្ពស់ ព្រោះជាលក្ខខណ្ឌតម្រូវរបស់ ASU ។ លោកបណ្ឌិត ជេត ជាលី បន្ថែម។
កញ្ញា ស្រ៊ាង ហ្គេចចេង សិស្សទើបប្រឡងជាប់និទ្ទេស A ក្នុងការប្រឡងបាក់ឌុបកាលពីថ្មីៗ និងបានដាក់ពាក្យប្រឡងចូលរៀនកម្មវិធីខាងលើ បានសម្ដែងការគាំទ្រពេញទំហឹង ចំពោះការបង្កើតកម្មវិធីនេះ ដោយកញ្ញាលើកឡើងថា «នេះគឺជាឱកាសមួយដ៏ល្អ សម្រាប់ឲ្យខ្ញុំបានផ្លាស់ប្ដូរក្នុងការសិក្សា និងបទពិសោធន៍ក្នុងការរស់នៅ និយាយរួម កម្មវិធីនេះ ពិតជាល្អ ព្រោះមានការទទួលស្គាល់ដោយក្រសួងអប់រំ និងរដ្ឋ នៅសហរដ្ឋអាមេរិក ហើយក៏ជាការផ្ដល់ឱកាសឲ្យនិស្សិតយើង បានបន្ដការសិក្សានៅអាមេរិក ជាមួយតម្លៃដ៏សមរម្យទៀតផង ដើម្បីចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស និងចូលរួមអភិវឌ្ឍន៍សង្គមជាតិយើង»។
ដូច្នេះសម្រាប់សិស្ស-និស្សិត ដែលមានចំណាប់អារម្មណ៍ចង់ចូលរៀនកម្មវិធី 1+3 មានន័យថា សិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ១ឆ្នាំ ហើយបន្ដការសិក្សា ៣ឆ្នាំនៅសាកលវិទ្យាល័យ Angelo State University នេះ សូមទំនាក់ទំនងផ្ទាល់ទៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឬទំនាក់ទំនងទូរស័ព្ទ និង Telegram លេខ៖ 015 890 434៕