(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជំរុញ និងលើកទឹកចិត្តឲ្យអនុវត្តអភិក្រម «វះកាត់» ចំពោះមន្ដ្រីអសកម្មការងារ ដែល CAMSOC ប្រគល់ជូន ។
សម្ដេចពិជ័យសេនា បានមានប្រសាសន៍ដាច់អហង្ការ ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រី CAMSOC ដែលអសកម្មត្រូវដកចេញ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិស្ដីពីអភិបាលកិច្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ SEA Games – ASEAN Para Games ឆ្នាំ២០២៣ កាលពីថ្ងៃទី១០ ខែកុម្ភៈម្សិលមិញ នៅសណ្ឋាគារសុខា ។
ជាមួយការដាក់ចេញនូវយុទ្ធសាស្ដ្រស៊ីជម្រៅ និងអភិក្រមតម្រង់ទិស ៩ចំណុច ដែលសម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងក្នុងពិធីបិទសន្និបាត និងសិក្ខាសាលាខាងលើ សម្ដេចបានសង្កត់ធ្ងន់លើការកែសម្រួលជាចាំបាច់ និងជាបន្ទាន់នូវថ្នាក់ដឹកនាំ ឬមន្ដ្រីដែលអសកកម្មការងារ មិនទទួលខុសត្រូវលើការបំពេញតួនាទីភារកិច្ច និងបេសកកម្មរបស់ខ្លួន គឺត្រូវដកចេញតែម្ដង ។
សម្ដេចមានប្រសាសន៍ថា «នេះគឺជាបញ្ហាចាំបាច់ បើសិនជាមានហើយ មិនធ្វើការ គឺត្រូវតែយកចេញ ។ មិនអញ្ចឹងធ្វើឲ្យការងាររាំងស្ទះ ចេញមិនរួច ត្រូវតែដោះស្រាយចេញតែម្ដង ។ កុំមានតែឈ្មោះ អត់ធ្វើការ មិនបានទេ អត់បានទេ ការងារមិនចាំប្ដូរអ្នកនេះអ្នកនោះទេ ធ្វើអត់បានទេ ។ ដូច្នេះរឿងនេះ គឺត្រូវនិយាយត្រង់ៗជាមួយគ្នាឲ្យច្បាស់លាស់ មិនច្បាស់លាស់អត់បានទេ» ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានសម្ដែងការគាំទ្រពេញទំហឹង ចំពោះប្រសាសន៍របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ស្របតាមការបង្កើនយន្ដការត្រួតពិនិត្យ ដែលលោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC បានលើកឡើង ដោយកំណត់ចាប់ពីពេលនេះ រហូតដល់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ រាល់អ្នកមានមុខងារក្នុង CAMSOC ត្រូវយកចិត្តទុកដាក់ និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ។
លោកបន្ដថា «សម្ដេចពិជ័យសេនាប្រធាន បានសង្កត់ធ្ងន់ហើយថា រាល់អ្នកពាក់ព័ន្ធទាំងអស់ ឬក៏ថ្នាក់ដឹកនាំដែលមានមុខងារក្នុង CAMSOC មិនអាចទៅធ្វើអ្វីផ្សេង ហើយបោះបង់ចោលការងារស្នូលរបស់ CAMSOC ការងារជំនាញរបស់ CAMSOC ដែលខ្លួនកាន់នោះទេ វាធ្វើឲ្យមានបញ្ហាដល់ដំណើរការនៃប្រសិទ្ធភាពការងារ ។ ទោះមានតួនាទីនៅកន្លែងផ្សេង ត្រូវតែលះបង់ឲ្យបានច្បាស់លាស់ ត្រូវកំណត់ពេលវេលាបម្រើការងារ CAMSOC ឲ្យបានច្បាស់លាស់ ទើបដំណើរការ CAMSOC អាចប្រព្រឹត្តទៅបាន» ។
«ចាប់ពីខែមិថុនា ឆ្នាំ២០២២ តទៅ គឺអ្នកបម្រើការទាំងអស់ក្នុង CAMSOC ត្រូវមកបម្រើការពេញ ១០០% ក្នុងការរបស់ខ្លួន ដើម្បីរក្សានូវភាពគ្រប់ជ្រុងជ្រោយ លក្ខណៈសម្បត្តិគ្រប់ជ្រុងជ្រោយ នៃដំណើរការឆ្ពោះទៅរកភាពជោគជ័យដ៏ត្រចះត្រង់ និងជាប្រវត្តិសាស្ដ្រ ក្នុងនាមម្ចាស់ផ្ទះ ដែលទទួលបានសិទ្ធរៀបចំការប្រកួតលើកដំបូង នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បេះ» ។ លោក វ៉ាត់ ចំរើន បន្ថែម ។
គួរដឹងថា CAMSOC បានប្រកាសឆ្នាំ២០២២ គឺជាឆ្នាំប្រតិបត្ដិការរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២ ។ ដូច្នេះសម្ដេចពិជ័យសេនា ទៀ បាញ់ បានស្នើឲ្យថ្នាក់ដឹកនាំ មន្ដ្រី CAMSOC និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវ “រួមចិត្ត រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ” តាមរយៈយន្ដការតម្លាភាព គណនេយ្យភាព និងស័ក្ដិសិទ្ធិភាពការងារក្នុងតួនាទីភារកិច្ចដែល CAMSOC ប្រគល់ជូន ប្រកបដោយស្មារតីទទួលខុសខ្ពស់ ចំពោះមុខរាជរដ្ឋាភិបាល និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ផងដែរ ៕