(អាមេរិក)៖ Big Tech គឺជាឈ្មោះមួយសម្រាប់សម្គាល់ ឬកំណត់ក្រុមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ហើយបើ គេ និយាយ Big Four គឺមានក្រុមហ៊ុន Alphabet (Google), Amazon, Apple និង Meta (Facebook) ប៉ុន្តែបើគេ និយាយ Big Five គឺបន្ថែម ក្រុមហ៊ុន Microsoft មួយទៀត។

ក្រុមហ៊ុន Big Tech ទាំងនេះមិនត្រឹមតែជាក្រុមហ៊ុនដែលមានបច្ចេកវិទ្យាខ្ពស់ និងជឿនលឿននោះទេ ប៉ុន្តែក៏ជាក្រុមហ៊ុនមួយដែល មានប្រាក់ចំណូលខ្ពស់ផងដែរ ហើយខាងក្រោមនេះគឺជាប្រាក់ចំណូលប្រចាំឆ្នាំ ២០២១ របស់ក្រុមហ៊ុន Big Tech ទាំង៥។

១) ក្រុមហ៊ុន Amazon
ដោយសារតែវិបត្តិកូវីដ១៩ បានធ្វើឱ្យក្រុមហ៊ុន Amazon ទទួលបានប្រាក់ចំណូលខ្ពស់បំផុតក្នុងចំណោមក្រុមហ៊ុន Big Tech របស់អាមេរិក។ ក្រៅពី ប្រាក់ចំណូលដែលបានមកពីការលក់ទំនិញនៅលើអនឡាញ ក្រុមហ៊ុន Amazon ក៏ទទួលបានប្រាក់ចំណូល ខ្ពស់មកពីការផ្ដល់សេវាកម្ម Cloud ផងដែរ។ សម្រាប់ឆ្នាំ២០២១ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្ស មួយនេះរកចំណូលសរុបបានចំនួន ៤៦៩,៨ពាន់លានដុល្លារអាមេរិក។

២) ក្រុមហ៊ុន Apple
Apple នៅចុងឆ្នាំ២០២១ បានក្លាយជា ក្រុមហ៊ុនមួយដែលមានតម្លៃនៅលើទីផ្សាររហូតដល់ ៣ទ្រីលានដុល្លារអាមេរិក ដែលជា ក្រុមហ៊ុនដំបូងគេបំផុតនៅលើពិភពលោកដែលមានដល់កម្រិតខ្ពស់បែបនេះ។ សម្រាប់ឆ្នាំ២០២១ ក្រុមហ៊ុន Apple រកចំណូល បានរហូតដល់ ៣៦៥,៦ពាន់លានដុល្លារអាមេរិក និងចំណេញសុទ្ធ ៩៥ពាន់លានដុល្លារអាមេរិក។

៣) ក្រុមហ៊ុន Alphabet
Alphabet ឬ Google ត្រូវបានគេដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះគឺមានសភាពស្ងប់ស្ងាត់ ប៉ុន្តែក៏ជួបរឿងអាស្រូវជាច្រើនផងដែរ ដោយថ្មីៗនេះគឺទទួលរងការផាកពិន័យពីសហភាពអឺរ៉ុប និងបណ្ដាប្រទេសមួយចំនួនទៀតពាក់ព័ន្ធនឹងការរំលោភលើទីផ្សារប្រកួតប្រជែង និងការតាមដានសកម្មភាពរបស់អ្នកប្រើប្រាស់។ បើទោះបីជាយ៉ាងនេះក្ដី ក៏ក្រុមហ៊ុន Alphabet នៅតែជាក្រុមហ៊ុនដែលរកចំណូលបានខ្ពស់ផងដែរ ដោយពេញមួយឆ្នាំ២០២១ ទទួលបានប្រាក់ចំណូលសរុប ២៥៧,៦ពាន់លានដុល្លារអាមេរិក។

៤) ក្រុមហ៊ុន Microsoft
ចាប់តាំងពីឆ្នាំ២០១៩ ក្រុមហ៊ុន Microsoft បានក្លាយជាក្រុមហ៊ុនអាមេរិកទី៣ ដែលមានតម្លៃនៅលើទីផ្សាររហូតដល់ ១ពាន់ លានដុល្លារអាមេរិក ហើយនៅឆ្នាំ២០២១កន្លងទៅនេះគឺរកប្រាក់ចំណូលសរុបបានចំនួន ១៦១ពាន់លានដុល្លារអាមេរិក។

៥) ក្រុមហ៊ុន Meta Platforms (Facebook)
នៅក្នុងឆ្នាំ២០២១ ក្រុមហ៊ុន Facebook បានបង្កើតក្រុមហ៊ុន Meta Platforms ថ្មីមួយឡើង និងបានដាក់ ក្រុមហ៊ុន Meta Platforms ឱ្យក្លាយជាក្រុមហ៊ុនមេធំ និងគ្រប់គ្រង រាល់សេវាកម្ម និងផលិតផលរបស់ Facebook ទាំងមូល។ កាលពីចុងឆ្នាំ ២០២១ ក្រុមហ៊ុន Facebook បានក្លាយជាក្រុមហ៊ុនដែលមានឈ្មោះអាក្រក់ជាងគេបំផុតប្រចាំឆ្នាំ។ ចេញមួយឆ្នាំ២០២១ ក្រុមហ៊ុន Meta Platforms រកចំណូលសរុបបានចំនួន ១១៨ពាន់លានដុល្លារអាមេរិក៕