(សាន់ដឺឡែន)៖ ក្លិបបាល់ទាត់ Sunderland ដែលលេងនៅលីគអង់គ្លេស League One នឹងមិនតែងតាំងលោក Roy Keane ម្តងទៀត ជាអ្នកចាត់ការថ្មីរបស់ពួកគេនោះទេ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។
បុរសវ័យ ៥០ឆ្នាំ សញ្ជាតអៀរឡង់រូបនេះ ធ្លាប់បានបំពេញការងារជាអ្នកចាត់ការចំនួន ២ឆ្នាំជាមួយនឹងក្លិប Sunderland នៅចម្លោះឆ្នាំ២០០៦ និង២០០៨ ជាអំឡុងពេលដែលលោកបានដឹកនាំក្រុមឡើងទៅលេងនៅលីគកំពូលអង់គ្លេស Premier League។
លោក Keane បានចូលទៅធ្វើកិច្ចចរចាជាមួយ Sunderland កាលពីសប្តាហ៍មុន ឥឡូវនេះបានដឹងហើយថា លោកនឹងមិនវិលត្រឡប់ទៅវិញនោះទេ។
អតីតកីឡាករឆ្នើមរបស់ក្លិប Manchester United រូបនេះ មិនមានតួនាទីជាអ្នកចាត់ការនោះទេចាប់តាំងពីលាឈប់ពីក្លិប Ipswich ក្នុងឆ្នាំ២០១១។
សូមជម្រាបថា ក្លិប Sunderland កំពុងឈរនៅលំដាប់ទី២ ក្នុងតារាងលីគ League One អង់គ្លេស៕