(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបង្ហាញលទ្ធផលជាផ្លែផ្កា ១៨ចំណុច ក្រោយរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីអភិបាលកិច្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ SEA Games - ASEAN Para Games 2023 រយៈពេល ១ថ្ងៃកន្លះ នៅថ្ងៃទី០៩-១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ។

លោករដ្ឋមន្ដ្រីបានមានប្រសាសន៍ថា សន្និបាត និងសិក្ខាសាលាខាងលើ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានធាតុចូលសំខាន់ៗ ប្រកបដោយអត្ថន័យស៊ីជម្រៅ សម្រាប់បង្កើនប្រសិទ្ធភាពការងារ CAMSOC ពិសេសក្រោមការដឹកនាំសន្និបាត និងសិក្ខាសាលាប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងមានការចូលរួមយ៉ាងផុលផុសពីអង្គសន្និបាត និងសិក្ខាសាលា បានសម្រេចនូវលទ្ធផលជាផ្លែផ្កា ១៨ចំណុច ដូចជា៖

១- ប្ដេជ្ញាចិត្តកាត់បន្ថយគម្រោងថវិកា SEA Games - ASEAN Para Games 2023 ឲ្យនៅកម្រិតក្រោមគម្រោងថវិកាចំណាយការរៀបចំ SEA Games - ASEAN Para Games 2023 នៅប្រទេសដទៃកន្លងមក។

២- ស្នើសុំរាជរដ្ឋាភិបាលដាក់ពន្ធនាំចូល និងពន្ធ VAT ជាបន្ទុកលើរដ្ឋទាក់ទងផ្នែកឧបករណ៍កីឡាផ្សេងៗ និងពន្ធប្រាក់ចំណូលរបស់ក្រុមហ៊ុនដៃគូចុះកិច្ចសន្យាជាមួយ CAMSOC និងគ្រឿងសំណង់គ្រប់ប្រភេទជាដើម។

៣- ស្នើសុំក្រសួងពាណិជ្ជកម្មជួយថែរក្សាការពារកម្មសិទ្ធិបញ្ញា ជាទ្រព្យសម្បត្តិរបស់ SEA Games – ASEAN Para Games 2023 ដែលបានចុះបញ្ជីជាផ្លូវការរួចហើយ ដោយចាត់វិធានការលើការរំលោភ ការប្រើប្រាស់ ឬក្លែងបន្លំ ឬការផលិតទំនិញក្លែងក្លាយដែលប៉ះពាល់ការរកចំណូលរបស់ CAMSOC។

៤- ស្នើសុំរាជរដ្ឋាភិបាលក្នុងការប្រើប្រាស់ថាមពលទឹក-ភ្លើងជាបន្ទុករបស់រដ្ឋនៅគ្រប់ទីលានប្រកួតកីឡា ក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រកួតកីឡា SEA Games - ASEAN Para Games ឆ្នាំ២០២៣ ។

៥- កម្លាំងហ្វឹកហាត់សម្ដែងពិធីបើក-បិទ ក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទ និងសិល្បៈករក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយស្មារតីស្ម័គ្រចិត្ត ដោយមិនទទួលយកប្រាក់កម្រៃក្នុងពេលហ្វឹកហាត់លើកលែងតែក្នុងករណីតម្រូវការចាំបាច់ជាក់ស្ដែង។ កម្លាំងសន្ដិសុខ សណ្ដាប់ធ្នាប់ របស់នគរបាល និងកងរាជអាវុធហត្ថ បម្រើការដោយប្រយោល តាមគោលដៅ សូមផ្ដល់ស្មារតីស្ម័គ្រចិត្ត លើកលែងកម្លាំងបម្រើការផ្ទាល់ដែលត្រូវមានការលើកទឹកចិត្ត ។

៦- អាជ្ញាធររាជធានី-ខេត្ត សូមផ្ដល់ទីតាំង និងផ្ដល់សិទ្ធិរៀបចំតាមទីសាធារណៈ តាមដងផ្លូវមហាវិថីសំខាន់ៗ ដើម្បីតាំងបង្ហាញរូបភាពផ្សព្វផ្សាយព្រឹត្តិការណ៍កីឡា និងអនុញ្ញាតអំឡុងពេល៣ខែ មុនព្រឹត្តិការណ៍តាំងបង្ហាញការផ្សព្វផ្សាយពាណិជ្ជកម្មដល់ក្រុមការងារទីផ្សារ ចលនូបត្ថម្ភ និងផ្សព្វផ្សាយរបស់ CAMSOC។

៧- ស្នើសុំក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពរៀបចំពន្យារពេលវិស្សមកាលតូចក្នុងឆ្នាំ២០២៣ ខែមេសា រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បីទុកលទ្ធភាពឲ្យសិស្ស-និស្សិតចូលរួមធ្វើអ្នកស្ម័គ្រចិត្ត និងចូលរួមទស្សនាលើកទឹកចិត្ត ពិសេសលើកទឹកចិត្តកីឡាករ-កីឡាការិនីកម្ពុជា ។

៨- ស្នើសុំក្រសួងសុខាភិបាលរៀបចំផែនការជួយផ្ដល់ការឧបត្ថម្ភដោយឥតគិតថ្លៃ ដូចជារថយន្ដព្យាបាលចល័ត, ធ្វើតេស្ដកូវីដ-១៩ និង PCR ក្នុងករណីចាំបាច់, ផ្ដល់ឧបករណ៍បរិក្ខាពេទ្យក្នុងការរៀបចំ Poly Clinic នៅភូមិកីឡា និងផ្ដល់វេជ្ជបណ្ឌិត និងគ្រូពេទ្យជាដើម ។

៩- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមផ្ដល់ឱកាសក្នុងការបើកច្រក 5G បណ្ដោះអាសន្ន ដោយផ្ដល់សិទ្ធិដល់ក្រុមហ៊ុនទូរស័ព្ទជាដៃគូ CAMSOC សាកល្បងប្រើប្រាស់ និងអនុញ្ញាតដំឡើងអង់តែនសាវា Internet មុនពេល និងអំឡុងពេលប្រកួត។

១០- ស្នើសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទូទាត់កញ្ចប់ថវិកាផ្ទាល់ទៅក្រុមហ៊ុន Royal Group រថយន្ត Limousines ដែលត្រូវប្រើប្រាស់ក្នុងកម្មវិធី CAMSOC និងក្នុងព្រឹត្តិការណ៍ប្រកួត Pre-SEA Games ប្រកួត SEA Games-ASEAN Para Games 2023 ។

១១- ឈ្មោះគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ASEAN Para Games លើកទី១២ «CAMSOC» ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់លើរាល់កិច្ចការរដ្ឋបាលផ្ទៃក្នុង និងក្រៅប្រទេស។ ទន្ទឹងនឹងនេះ ការអភិវឌ្ឍគុណផលកីឡាជនពិការ ត្រូវយកចិត្តទុកដាក់លើការផ្គត់ផ្គង់ និងឧបត្ថម្ភសម្ភារ ឧបករណ៍កីឡាជនពិការ និងរៀបចំទីលានហ្វឹកហាត់ឲ្យបានត្រឹមត្រូវសម្រាប់ជនពិការភាព ។

១២- ស្នើសុំរាជរដ្ឋាភិបាលចូលធ្វើការជួសជុលបណ្ដើរៗចំពោះទីកន្លែងទុកចោលឈប់ប្រើប្រាស់នៃទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលធ្លាប់ព្យាបាល Covid-19 ដោយរក្សាទីតាំងកំពុងព្យាបាលនៅដដែល។

១៣- ស្នើសុំរាជរដ្ឋាភិបាលស្វែងរកដំណោះស្រាយបញ្ហាហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិ ដោយការបង្កើនរបបអាហារបំប៉នប្រចាំថ្ងៃឲ្យឡើងដល់ ៦ ម៉ឺនរៀលក្នុងមួថ្ងៃសម្រាប់ម្នាក់ ដែលអាចបំពេញកាឡូរីបានពី ៥,០០០ ទៅ ៦,០០០កាឡូរី ។

១៤- ស្វែងរកការរៀបចំមជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកីឡាដែលជួយជំរុញដល់ការបង្កើតគុណផលកីឡាកម្រិតខ្ពស់។

១៥- គួរមានការរៀបចំមក្រុមប្រតិកម្មរហ័ស ដើម្បីធ្វើការឆ្លើយតបចំពោះអគតិជន ដែលប្រើប្រាស់ព័ត៌មានវាយប្រហារតាមបណ្ដាញសង្គម ធ្វើឲ្យមហាជនមានការថ្នាំងថ្នាក់ និងយល់ច្រលំមកលើការរៀបព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games 2023 ។

១៦- ការរៀបចំជួសជុលកែលម្អ និងកសាងគ្រប់ទីលានប្រកួត ត្រូវចាប់ផ្ដើមឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

១៧- ប្រមូលផ្ដុំកម្លាំងការងាររបស់ CAMSOC ដោយបែងចេកកាលវិភាគបម្រើការងារ រវាងការងារស្នូល និងការងារ CAMSOC ឲ្យបានច្បាស់លាស់ ដើម្បីជំរុញប្រសិទ្ធភាពការងារ ដោយភាពម្ចាស់ការ និងទទួលខុសត្រូវខ្ពស់។

១៨- សន្និបាត នឹងពង្រឹងកិច្ចសហការការងារសំខាន់ៗមួយចំនួនជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីធ្វើឲ្យការផ្សព្វផ្សាយអំពីសកម្មភាពនៃដំណើរឆ្ពោះទៅការប្រកួត SEA Games - ASEAN Para Games 2023 តាមរយៈការប្រើប្រាស់កម្លាំងយុវជនប្រកបដោយសក្ដានុពល និងជោគជ័យ។

សូមបញ្ជាក់ថា ក្រោយបញ្ចប់សន្និបាត និងសិក្ខាសាលា សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានដាក់ចេញនូវយុទ្ធសាស្ដ្រស៊ីជម្រៅ និងអភិក្រមតម្រង់ទិសដៅចំនួន ៩ចំណុច សម្រាប់ថ្នាក់ដឹកនាំ និងមន្ដ្រី CAMSOC អនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញការរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជាផងដែរ ៕