(ឈីកាហ្គូ)៖ Chicago Fire FC ដែលលេងនៅលីគកំពូលអាមេរិក Major League Soccer បានចុះកិច្ចសន្យាទិញ យកខ្សែបម្រើស្លាប Xherdan Shaqiri ពីក្លិបបារាំង Lyon ក្នុងតម្លៃថ្លៃជាងគេប្រចាំក្លិបមានដល់ទៅ ៧លានអឹរ៉ូ ប្រហែលជិត ៨លានដុល្លារ។

នាយកផ្នែកកីឡានៃក្លិប Chicago លោក Georg Heitz បានថ្លែងប្រាប់ BBC ថា «កីឡាករស្វីស Shaqiri បានស្ថិតក្នុង គោលដៅរបស់ពួកយើងយូរមកហើយ ដែលកន្លងមករូបគេបានធ្វើការប្រកួតមានការផ្លាស់ប្តូរ និងជាទីពេញចិត្តរបស់អ្នកគាំទ្រយើងផងដែរ។ ការចូលរួមរបស់កីឡាករវ័យ ៣០ឆ្នាំខាងលើនេះ គឺចំពេលដ៏អស្ចារ្យ និងពោរពេញដោយទំនុកចិត្តក្នុងការសម្រេចគោលដៅរបស់ពួកយើងដែរ»

នៅចាំបានថា Xherdan Shaqiri ជាសមាជិកឈ្នះពាន Premier League និង UEFA Champions League ជាមួយក្លិបហង្សក្រហម Liverpool ដែលទើបតែផ្ទេរចេញពីទឹកដី Anfield ទៅលេងនៅ Ligue 1 ជាមួយ Lyon នាខែសីហា ឆ្នាំ២០២១ និងចុះកិច្ចថ្មីលេងឲ្យ Chicago រហូតដល់បំណាច់រដូវកាលឆ្នាំ២០២៤ ក្នុងទឹកដីអាមេរិក៕