(ក្រុងឡុងដ៍)៖ កីឡាករសំខាន់ៗរបស់ក្លិបតោខៀវ Chelsea ដែលពុំបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រហូតមកទល់ពេលនេះ ប្រឈមនឹងអត់បានលេងពាន UEFA Chamions League ទល់នឹង Lille ដោយសារតែច្បាប់ Update របស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA។

ច្បាប់ថ្មីរបស់ UEFA គឺ រាល់កីឡាករបរទេសទាំងអស់ដែលពុំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺពុំត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតពានអឺរ៉ុប UEFA Champions League ដ្បិតប្រទេសបារាំង ក៏បានដាក់ចេញគោលការណ៍នេះរួចរាល់ហើយដែរ ពោលគឺរាល់ជនបរទេសទាំងឡាយណាចូលប្រទេសបារាំង ត្រូវតែមានបណ្ណចាក់វាក់សាំងមុនសិន។

នេះជាបញ្ហាសម្រាប់តោខៀវ Chelsea របស់អង់គ្លេសត្រូវប្រកួតជើងទី២ ទល់នឹង Lille សម្រាប់ជើងទី២ នៃវគ្គ ១៦ក្រុម UCL នៅថ្ងៃទី១៦ ខែមីនា ក្រោយពេលជើងទី១ ប្រកួតនៅទឹកដី Stamford Bridge ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Thomas Tuchel អ្នកចាត់ការទូទៅ Chelsea ដែលពុំទាន់ជាពីជំងឺកូវីដ-១៩ ផងនោះក៏ធ្លាប់បានថ្លែងក្នុងសន្និសីទដែរថា ច្បាប់ថ្មីនឹងរឹតតែធ្វើឲ្យកីឡាករសំខាន់ៗរបស់ខ្លួនអវត្តមានថែមទៀតផង។

លើសពីនេះទៀត Chelsea ដែលបានកំពុងស្ថិតនៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម (UAE) ដើម្បីប្រកួតពាន FIFA Club World Cup 2021 នោះ ពុំប្រាកដថាណាខ្លះបានចាក់វ៉ាក់សាំង និងនរណាខ្លះពុំទាន់ទទួលនោះទេ ដ្បិតកាលពីដើមខែនេះ Premier League ធ្លាប់បានប្រកាសថា កីឡាករដែលលេងនៅអង់គ្លេសបច្ចុប្បន្ន មានចំនួន ៨០ភាគរយ បានទទួលបាន ២ដងរួចរាល់ហើយ៕