(សេអ៊ូល)៖ ក្រុមហ៊ុន Samsung Electronics បានបង្ហាញពីកំណែចុងក្រោយបំផុតនៃកំពូលស្មាតហ្វូនត្រកូល Galaxy S របស់ខ្លួនកាលពីថ្ងៃពុធ ម្សិលមិញនេះដែលបំពាក់នូវមុខងារកាមេរ៉ាកាន់តែពិសេស និង បន្ទះឈីបមានប្រព័ន្ធដំណើរការលឿនជាងមុន ហើយពួកគេសង្ឃឹមថាការអាប់ដែតថ្មីនេះនឹងធ្វើឱ្យការលក់មានកំណើនឡើងវិញបន្ទាប់ការធ្លាក់ចុះក្នុងរយៈពេល២ឆ្នាំកន្លងទៅ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

កាលពីត្រីមាសទី ៤គឺយើងធ្លាប់បានឃើញរួចហើយពីការប្រកាសបង្ហាញពីកំណើននៃការលក់ស្មាតហ្វូនដែលក្នុងនោះក្រុមហ៊ុន Apple បានឈរនៅកំពូលលេខរៀងទី១ ពីការកំណើន iPhone 13 របស់ខ្លួន ខណៈដែល Samsung បានឈរនៅលេខរៀងទី២។ ដោយឡែកបន្ទាប់ពីបទពិសោធន៍នៃការលក់របស់ខ្លួនបានធ្លាក់ចុះ Samsung បានបង្កើតនៅយុទ្ធសាស្រ្តស្មាតហ្វូនថ្មីហើយនឹងចេញលក់ S22 series ថ្មីរបស់ខ្លួនដែលនឹងប្រកួតប្រជែងដោយផ្ទាល់ជាមួយ iPhone 13 របស់ Apple នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ។

ចំណែកឯការដាក់លក់ Samsung Galaxy S22, S22+ និង S22 Ultra នឹងបើកឱ្យបញ្ជាទិញចាប់ពីថ្ងៃនេះហើយ ដោយនឹងដាក់លក់ជាផ្លូវការនៅ ថ្ងៃទី២៥ កុម្ភៈ ខាងមុខនេះ។ វាមានជម្រើស ៤ពណ៌ គឺខ្មៅ ស បៃតងចាស់ និងពណ៌ផ្កាឈូក ហើយក៏មានពណ៌បន្ថែមទៀតសម្រាប់ការទិញលើគេហទំព័រផ្លូវការក្រុមហ៊ុន។ រីឯតម្លៃដាក់លក់វិញសម្រាប់ S22 ចាប់ពីផ្ដើមពី ៧៩៩ដុល្លារអាមេរិក និង S22+ ចាប់ពី ៩៩៩ដុល្លារអាមេរិក ហើយ S22 Ultra ចាប់ពី ១,១៩៩ដុល្លារអាមេរិកឡើងទៅ(តម្លៃនៅបរទេស)។

បើយើងក្រឡេកមកមើលការលក់វិញត្រកូល Galaxy S ជាធម្មតាលក់បានជាង ៣០លានគ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែបើយោងតាមអ្នកស្រាវជ្រាវ Jene Park អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុនស្រាវជ្រាវ Counterpoint បានបង្ហាញថា កាលលក់គឺមានការធ្លាក់ចុះខ្លាំងដែលមានចំនួនតិចជាង ២៥លានគ្រឿងនៅក្នុងឆ្នាំ២០២០ និងតិចជាង ៣០លានគ្រឿងនៅក្នុងឆ្នាំ២០២១ ដែលមានការរារាំងមួយផ្នែកធំដោយសារតែកង្វះខាតសមាសធាតុផលិត។

យើងជឿជាក់ថា Samsung នឹងដាក់លក់បានច្រើនជាង ១៥លានគ្រឿងនៃត្រកូល Galaxy S22 ថ្មីរបស់គេនៅត្រីមាសទី១ ឆ្នាំ២០២២ ហើយប្រសិនបើការដាក់លក់ដំបូងទទួលបានលទ្ធផលល្អយើងក៏អាចរំពឹងថាការលក់នឹងឈានដល់ចំនួន ៣០លានគ្រឿងនៅក្នុងឆ្នាំ២០២២របស់ពួកគេផងដែរ៕