(ភ្នំពេញ)៖ តាមការរចនា Logo ថ្មីរបស់លីគកំពូលកម្ពុជា Cambodian Premier League ដែលត្រូវបានបង្ហាញដោយលោក Satoshi Saito នាយកប្រតិបត្តក្រុមហ៊ុនលីគកំពូលកម្ពុជា ស្លាកសញ្ញាជាថ្មីនេះមានរូបរាងតាមទ្រង់ទ្រាយផែនទីប្រទេស ដែលមានពីពណ៌ក្រហមតំណាងឲ្យលីគកំពូលទី១ ហើយពណ៌បៃតងតំណាងឲ្យលីគទី២ (Cambodian League 2)។

ក្នុងការបង្ហាញ (Logo) ស្លាកសញ្ញាថ្មីនេះ លោក Saito ក៏បានបង្ហាញអំពីគោលការសំខាន់ៗ ដែលជាការជំរុញនៃការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា ឲ្យមានការរីកចម្រើននក្លាយទៅជាលីគមានការទទួលស្គាល់ល្អបំផុតក្នុងតំបន់អាស៊ាន ដោយចង់បានក្លិបកម្ពុជា អាចមានសមត្ថភាពលេងក្នុងពាន AFC Champions League នៅឆ្នាំ២០២៥ និងឈ្នះក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ក៏ដូចជាការប្រែងរកជ័យជម្នះនៅតំបន់អាស៊ាន Asian Cup Final 2027 ឈានទៅរកការប្រជែងពាន FIFA World Cup Final 2030 ទៀតផង។

ពណ៌ក្រហមនៃ (លីគទី១) League 1 ត្រូវបានបំផុសគំនិតដោយទង់ជាតិកម្ពុជា ហើយក៏ជាសញ្ញានៃព្រះអាទិត្យរះ និងការតាំងចិត្ត។
ពណ៌បៃតងនៃ (លីគទី២) League 2 តំណាងឱ្យយុវជន ការដុះពន្លកនៃដើមឈើ និងអ្វីៗដែលចាប់ផ្តើមថ្មី។
លើសពីនេះទៅទៀត រូបស្រមោលទាំងអស់នៅក្នុងរូបសញ្ញាត្រូវបានបំផុសគំនិតដោយរូបស្រមោលរបស់ខ្មែរ បន្ថែមពីលើនិមិត្តរូបនៃទឹកដីកម្ពុជា។ និមិត្តសញ្ញានេះនឹងក្លាយជានិមិត្តសញ្ញានៃភាពមុះម៉ត់ និងសេចក្តីស្រឡាញ់ចំពោះ CPL សម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជាទាំងអស់។
យើងនឹងបង្កើតយុគសម័យថ្មីនៃបាល់ទាត់កម្ពុជាក្រោមការដឹកនាំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា អ្នកគាំទ្របាល់ទាត់ក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក សូមរង់ចាំតាមដានសកម្មភាពនៃខេមបូឌាព្រីមៀរលីគ។

 គួរបញ្ជាក់ថា ស្លាកសញ្ញាឈ្មោះនៃលីគកំពូលកម្ពុជា Cambodian Premier League បានសម្រេចដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី១០ ខែកុម្ពៈ ឆ្នាំ២០២២ នេះ ខណៈការប្រកួតលីគតាមគម្រោងជាបណ្តោះអាសន្ននឹងធ្វើឡើងចាប់ពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ តែក៏អាចកែប្រែផងដែរ ប្រសិនជាមានផលប៉ះពាល់ដោយវិបត្តិមេរោគ COVID-19 ដែលបច្ចុប្បន្នមាន ៨ក្រុមត្រូវប្រជែងមានក្រុម បឹងកេត, ណាហ្គាលវើលដ៏, ភ្នំពេញក្រោន, វិសាខា, គីរីវង់សុខសែនជ័យ, អង្គរថាយហ្គឺរ, កងយោធពលខេមរភូមិន្ទ និងព្រះខ័នរាជស្វាយរៀង៕