(ចិន)៖ ប្រាក់ចំណូលបានមកពីការលក់សំបុត្រ ចូលទស្សនាភាពយន្តក្នុងប្រទេសចិន នៅទីបំផុតបានបំបែកកំណត់ត្រាហើយ ជាមួយនឹងការរកបានទឹកប្រាក់ ១០ពាន់លានយ័ន ឬខ្ទង់ ១.៥៧ពាន់លានដុល្លារអាមេរិក គិតត្រឹមម៉ោង ៩៖១៧នាទីយប់ ថ្ងៃទីពុធសប្តាហ៍នេះ។ ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ ដែលរកបានពីវិស័យភាពយន្តនៅពេលនេះ គឺជាការកើនឡើងយ៉ាងលឿនបំផុត ប្រចាំប្រវត្តិសាស្ត្រភាពយន្តនៅប្រទេសចិន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CGTN នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រភពចំណូលភាគច្រើនដែលទទួលបាន គឺតាមរយៈភាពយន្តសង្គ្រាមប្រវត្តិសាស្ត្រ «The Battle at Lake Changjin II» (ដឺ ប៊តថល អេត ឡេក ឆាងជីង វគ្គពីរ) ដែលបានជួយរុញច្រានប្រាក់ចំណូល ឲ្យកើនឡើងយ៉ាងឆាប់រហ័ស ដោយគិតត្រឹមថ្ងៃពុធសប្តាហ៍នេះ គឺរឿងនេះរកចំណូលបានច្រើនជាងគេ គឺបានរហូតខ្ទង់ជាង ៤៥៥លានដុល្លារ ចាប់តាំងពីចាក់បញ្ចាំងនៅថ្ងៃទី០១ ខែកុម្ភៈ។

គួរជម្រាបថា បើទោះបីជាបើកដំណើរការរោងភាពយន្តឡើងវិញក្តី តែប្រទេសចិន បានអនុញ្ញាតិឲ្យរាល់គ្រប់រោងភាពយន្តទាំងអស់ កាត់បន្ថយចំនួនអ្នកចូលទស្សនាមកនៅត្រឹម ៧៥ភាគរយ ដើម្បីរក្សាបាននូវសុវត្ថិភាព ស្របតាមវិធានការសុខាភិបាល៕