(រ៉ូម)៖ ក្លិបបាល់ទាត់ Sampdoria បានចុះកិច្ចសន្យាជាមួយកីឡាករគ្មានក្លិប Sebastian Giovinco លើកិច្ចសន្យាដែលមានសុពលភាពរហូតដល់ចប់រដូវកាលនេះ។ នេះបើតាមការឲ្យដឹងពីក្លិប ដែលលេងនៅលីគអ៉ីតាលី Serie A ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។
កីឡាករវ័យ ៣៥ឆ្នាំដែលជាអតីតកីឡាកររបស់ក្លិប Juventus និងជាអតីតខ្សែប្រយុទ្ធរបស់ក្លិប Toronto FC រូបនេះ មិនមានក្លិបលេងនោះទេចាប់តាំងពីចាកចេញពីក្លិប Al-Hilal របស់អារ៉ាប៊ីសាអូឌីត កាលពីខែសីហា ឆ្នាំ២០២០។
ក្លិប Sampdoria បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា Giovinco ដែលបានលេង ២៣ប្រកួត សម្រាប់ក្រុមជម្រើសជាតិអ៉ីតាលីនោះ បានព្រមព្រៀងចុះកិច្ចសន្យារហូតដល់ខែមិថុនា ជាការវិលត្រឡប់មកលេងនៅអ៉ីតាលីវិញ បន្ទាប់ពីចាកចេញពីទីក្រុង Turin ផ្លាស់ទៅលេងនៅកាណាដា។
ការមកដល់របស់កីឡាករ Giovinco បន្ទាប់ពីកីឡាកររកគ្រាប់បាល់បានច្រើនជាងគេរបស់ Sampdoria គឺកីឡាករ Manolo Gabbiadini ត្រូវអវត្តមានរយៈពេលវែងរហូតចប់រដូវកាលនេះ ដោយសាររបួសសរសៃពួរ។
ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Marco Giampaolo នេះ កំពុងឈរនៅលំដាប់ទី១៦ ក្នុងតារាង Serie A មាន ៥ពិន្ទុនៅពីលើតំបន់កាត់ចេញពីលីគ ហើយនឹងធ្វើដំណើរទៅជួបក្រុមលំដាប់ថ្នាក់លេខ៣ AC Milan នាថ្ងៃអាទិត្យសប្តាហ៍នេះដែរ៕