(អាប៊ូដាប៊ី)៖ ខ្សែប្រយុទ្ធ Romelu Lukaku រកបាន ១គ្រាប់ជ័យជម្នះជួយតោខៀវ Chelsea យកឈ្នះគូប្រជែង Al Hilal របស់អារ៉ាប៊ីសាអូឌីត ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន FIFA Club World Cup 2021 ទល់នឹង Palmeiras របស់ប្រេស៊ីល។
១គ្រាប់បំប៉ោងសំណាញ់ទីរបស់កីឡាករអន្តរជាតិប៊ែលហ្សិកខាងលើនេះ កើតឡើងនៅនាទី៣២ ដែលនេះក៏ជាគ្រាប់ទី១ របស់ Lukaku ផងដែរក្នុងការលេង ៦ប្រកួតនៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម (UAE) មួយនេះ។
FIFA Club World Cup 2021 ត្រូវបានពន្យារពេល ១ឆ្នាំដោយសារការរីករាលនៃជំងឺកូវីដ និងសម្រេចធ្វើនៅ UAE វិញ ក្រោយពេលជប៉ុនបោះបង់ នៅពេលករណីឆ្លងក្នុងស្រុកកើនឡើងខ្លាំងពេក។
តោខៀវ Chelsea បានកំពុងសំឡឹងរកបានឈ្នះពាន FIFA Club World Cup ជាលើកដំបូង និងជាទន្ទឹងរង់ចាំរបស់ម្ចាស់ក្លិបផងដែរ គឺលោក Roman Abramovich ក្រោយពេលសេដ្ឋីរុស្ស៊ីរូបនេះកាន់កាប់ក្លិបអង់គ្លេសមួយនេះអស់រយៈពេល ១៩ឆ្នាំមកហើយ ដ្បិតអ្នកចាត់ការទូទៅ Thomas Tuchel ពុំបានដឹកនាំដោយផ្ទាល់នោះទេ ដោយសារឆ្លងជំងឺកូវីដ-១៩។
Chelsea ធ្លាប់ចាញ់វគ្គផ្តាច់ព្រ័ត្រម្តងរួចមកហើយនៅពាន Club World Cup នេះកាលឆ្នាំ២០១២ ក្រោមថ្វីជើងរបស់ Corinthians របស់ប្រេស៊ីល មុនឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី២ ទៀតដែលត្រូវប៉ះក្រុមរបស់សាំបាប្រេស៊ីលដូចគ្នា៕