(កូរ៉េ)៖ ប្រធានក្រុមចម្រៀងល្បី BTS គឺលោក RM នៅដើមសប្តាហ៍នេះ ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមជនជាតិចិន បញ្ចេញសារអាក្រក់ៗជាច្រើនទៅលើ បន្ទាប់ពីរូបលោក បានបង្ហាញការគាំទ្រទៅលើក្រុមកីឡាករកូរ៉េខាងត្បូង ពេលចូលរួមប្រកួតក្នុងកីឡាអូឡាំពិករដូវរងានៅទូក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន All K-POP នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

រំឭកទៅកាលពីថ្ងៃទី០៧ កន្លងទីនេះ លោក RM បានបង្ហោះវីដេអូខ្លីមួយ ពីសកម្មភាពរបស់កីឡាករជិះស្គី ជនជាតិកូរ៉េ ដែលមានឈ្មោះថា Hwang Dae Heon នៅពេលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងចំណាយ ១,០០០ម៉ែត្រ ផ្នែកបុរស។ ក្នុងនោះ មេក្រុម BTS លោក RM បានបង្ហាញរូបសញ្ញាលើកគាំទ្រដល់បេក្ខជនកូរ៉េខាងត្បូង។ ប៉ុន្តែគ្រាន់តែបង្ហោះសារបែបនេះ មិនបានប៉ុន្មានផង ស្រាប់តែអ្នកលេងបណ្តាញសង្គមជនជាតិចិន ជាច្រើនបង្ហាញការខឹងសម្បារនឹងតារារូបនេះ តាមរយៈការ Comment ពាក្យអាក្រក់ៗ ដែលតារារូបនេះ គាំទ្រដល់បេក្ខជនកូរ៉េខាងត្បូង។

ទោះជាបែបនេះក្តី គេសង្កេតឃើញថា RM មិនបានឆ្លើយតបនឹងសារមិនល្អ ដែលសរសេរមកលោកទាំងអស់នោះឡើយ ហើយលោកនៅតែប្រកាន់ជំហរគាំទ្របេក្ខជនកូរ៉េខាងត្បូងផងដែរ។ រហូតដល់ថ្ងៃទី០៩ ម្សិលមិញនេះ បុគ្គលដែលលោកគាំទ្រ គឺកីឡាករ Hwang Dae Heon បានឈ្នះមេដាយមាស ក្នុងវិញ្ញាសារជិះស្គីចម្ងាយ ១៥០០ម៉ែត្រ ផ្នែកបុរស និងបាននាំយកមេដាយនេះ មកកាន់កូរ៉េខាងត្បូងផងដែរ។

ជាមួយជ័យជំនះនេះ មេក្រុម BTS គឺ RM នៅតែបន្តបង្ហោះ Story ក្នុងបណ្តាញសង្គម Instagram របស់ខ្លួនពីការបន្តគាំទ្រកីឡាករកូរ៉េខាងត្បូងបន្តទៀត និងអបអរសាទរជ័យជំនះ ដោយពាក្យថា «គោរព»

គួរជម្រាបថា ទោះបីទទួលបាននូវការមិនពេញចិត្តមួយចំនួន ពីសំណាក់ទស្សនិកជនចិនក៏ដោយ ប៉ុន្តែតារាប្រុស RM ត្រូវបានអ្នកគាំទ្រកូរ៉េកោតសរសើរ និងពេញចិត្តយ៉ាងខ្លាំងផងដែរ ចំពោះឥរិយាបថរបស់លោក ពោលគឺមិនតបតនឹង Comment អាក្រក់ៗចំពោះលោក ហើយនៅតែបន្តការគាំទ្រចំពោះកីឡាករកូរ៉េខាងត្បូង៕