(ម៉ាឌ្រីដ)៖ ជ័យជម្នះ ១-០ ទៅលើក្រុមភ្ញៀវ Granada នោះ បានធ្វើឲ្យអធិរាជស Real Madrid បង្កើនការនាំកំពូលតារាង La Liga ដាច់ ៦ពិន្ទុគិតត្រឹមសប្តាហ៍ទី២៣ ជើងទី២ នេះ។
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Marco Asensio ជាអ្នករកបានគ្រាប់ជ័យជម្នះនៅមុនពេលខ្វះ ១៧នាទីទៀតដល់ម៉ោងបញ្ចប់ពីការបញ្ជូនរបស់ Eder Militao គ្រាដែល Top scorer ក្នុងក្លិបរដូវកាលនេះ Karim Benzema ត្រូវបានអវត្តមានដោយសារបញ្ហារបួស។ នេះក៏ជាគ្រាប់ទី៨ របស់ Asensio ដែរគ្រប់កម្មវិធីប្រកួតសម្រាប់ Real Madrid។
តែយ៉ាងណាតាមរយៈ ៣ពិន្ទុក្នុងដីដ៏ប្រផិតប្រផើយនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Carlo Ancelotti ស្ថិតនៅក្នុងទីតាំងដ៏ខ្លាំងក្លាដដែលក្នុងលីគកំពូលអេស្ប៉ាញរដូវកាលឆ្នាំ២០២១-២០២២ ពីគម្លាត ៦ពិន្ទុនៃក្រុមលេខ២ Sevilla ដែលលេងស្មើទល់នឹងម្ចាស់ផ្ទះ Osasuna និងក្រុមលេខ៣ Real Betis លេងចាញ់ក្រុមភ្ញៀវ Villarreal ២-០ ផងនោះ៕