(ភ្នំពេញ)៖ មន្ទីរពេទ្យរ៉ូយ៉ាលភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មានមួយស្ដីពី ការសហការរបស់ក្រុមវេជ្ជបណ្ឌិតជំនាញៗមកពី Bangkok Academy of Sport and Exercise Medicine (ASSEM) និងមន្ទីរពេទ្យរ៉ូយ៉ាលភ្នំពេញ ទៅលើការវះកាត់របួសជង្គង់ របស់កីឡាករបាល់ទាត់កម្ពុជាលោក ចាន់ វឌ្ឍនាកា។
សូមជម្រាបថា ថ្មីៗនេះកីឡាករបាល់ទាត់ប្រចាំកម្ពុជា លោក ចាន់ វឌ្ឍនាកា បានរងរបួសដាច់សរសៃជង្គង់ខាងស្ដាំ ACL (Anterior Cruciate Ligament) អំឡុងការប្រកួតពានរង្វាន់មិត្តភាពរវាងក្រុមបឹងកេត ទល់នឹងក្រុមវិសាខានៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២កន្លងទៅ។
ក្រុមវេជ្ជបណ្ឌិតជំនាញបានឲ្យដឹងថា សរសៃពួលជង្គង់ ACL គឺជាការសសៃពួលនៃជង្គង់ដែលខ្វែងគ្នា ធ្វើឲ្យក្បាលជង្គង់មានលំនឹង ប៉ុន្ដែពេលណាសសៃពួលបានដាច់ នឹងធ្វើឲ្យក្បាលជង្គង់មិនអាចភ្ជាប់គ្នាបានទេ ធ្វើឲ្យក្បាលជង្គង់ក្រឡាច ដូច្នេះទើបយើងត្រូវការព្យាបាលនៅពេលដៃសសៃពួលនៃជង្គង់នេះដាច់។
វេជ្ជបណ្ឌិតជំនាញបន្ថែមថា ការរបួសជង្គង់នេះមានពីរប្រភព ទី១ការរងរបួសដោយខ្លួនឯង និងទី២ការរងរបួសដោយការប៉ះទង្គិចគ្នា។
សូមជម្រាបថា ក្រុមគ្រូពេទ្យជំនាញមកពី ASSEM បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្នុងការវះកាត់របួសជង្គង់របស់កំពូលកីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា។ ក្នុងនោះ ASSEM នឹងបន្តផ្តល់សេវាវេជ្ជសាស្ត្រកីឡា ក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ សម្រាប់អ្នករបួសកីឡាទាំងអស់ និងក្នុងគោលបំណងការគាំទ្រ ដល់ការអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា ព្រមទាំងផ្តល់ការព្យាបាលតាមស្តង់ដារខ្ពស់ ដើម្បីឱ្យអ្នកជំងឺឆាប់ជាសះស្បើយយ៉ាងឆាប់រហ័ស ហើយមិនចាំបាច់ធ្វើដំណើរទៅព្យាបាលនៅក្រៅប្រទេស ហើយបច្ចុប្បន្នអ្នកអាចព្យាបាលជំងឺ ជាមួយវេជ្ជបណ្ឌិតជំនាញមកពីប្រទេសថៃ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។
មន្ទីរពេទ្យរ៉ូយ៉ាលភ្នំពេញប្តេជ្ញាបន្តបេសកកម្ម ដោយនាំយកឧបករណ៍វេជ្ជសាស្ត្រ ដែលមានបច្ចេកវិទ្យាខ្ពស់បន្ថែមទៀត និងផ្តល់នូវកម្រិតសេវាកម្មវេជ្ជសាស្ត្រ និងការថែទាំសុខភាពដ៏ឆ្នើមដល់សហគមន៍ ដើម្បីជួយសន្សំពេលវេលា និងថវិកាសម្រាប់អ្នកជំងឺដែលចង់ទទួលបានសេវាកម្មការព្យាបាលដូចនៅក្រៅប្រទេស។
មន្ទីរពេទ្យរ៉ូយ៉ាលភ្នំពេញ សូមអរគុណចំពោះលោកវេជ្ជបណ្ឌិត Pornthep Mamanee, លោកវេជ្ជបណ្ឌិត Poonsuk Laomahamek, torntigunga Phathaiwudhi Oonsombat garantiguninn Karn Danpongcharcon និងក្រុមការងារមកពីមន្ទីរពេទ្យបាងកក ដែលបានចំណាយពេលវេលា និងកិច្ចខិតខំប្រឹងប្រែង ដើម្បីវះកាត់ជូនដល់កីឡាករលោក ចាន់ វឌ្ឍនាការ ប្រកបដោយជោគជ័យ។
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ គឺជាមន្ទីរពេទ្យដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានទទួលស្គាល់ជាអន្តរជាតិពី គណៈកម្មការចម្រុះអន្តរជាតិ (JCI) ដែលធានាបាននូវស្តង់ដារវេជ្ជសាស្ត្រ និងសេវាថែទាំសុខភាពដល់អ្នកជំងឺកម្ពុជា និងអន្តរជាតិ។ មន្ទីរពេទ្យផ្តល់នូវគុណភាព សុវត្ថិភាពរបស់អ្នកជំងឺ និងទទួលបានការជឿទុកចិត្តពី ក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិ ក្រុមហ៊ុនសាជីវកម្ម និងទីភ្នាក់ងាររដ្ឋាភិបាលជុំវិញពិភពលោក។
ជាមួយការកើនឡើងនៃប្រជាជនថ្នាក់កណ្តាលនៅកម្ពុជា ដូច្នេះប្រាកដជាមានតម្រូវការខ្ពស់ សម្រាប់ការថែទាំ និងការព្យាបាលប្រកបដោយប្រសិទ្ធភាព និងភាពល្អប្រសើរ ដែលមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់សេវា និងការព្យាបាលលំដាប់ពិភពលោក ដល់ប្រជាជនកម្ពុជាគ្រប់រូប។ ភ្ញៀវទេសចរណ៍ និងជនបរទេសដែលបានមករស់នៅប្រទេសកម្ពុជា គឺពួកគេអាចសន្សំពេលវេលា និងថវិកាក្នុងការធ្វើដំណើរទៅព្យាបាលនៅក្រៅប្រទេស៕