(ម៉ាទ្រីដ)៖ កីឡាករបាល់ទាត់ Karim Benzema នឹងអវត្តមានពីការប្រកួត La Liga របស់ Real Madrid ដែលត្រូវប៉ះក្រុម Granada នាថ្ងៃអាទិត្យនេះ ដោយសាររបួសសាច់ដុំជើង។ នេះបើតាមការឲ្យដឹងពីគ្រូបង្វឹក Carlo Ancelotti ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ ត្រូវបានគេបង្ខំឲ្យដូរចេញភ្លាមៗនៅអំឡុងពេលនៃការប្រកួតប៉ះក្រុម Elche កាលពីខែមុន។

«គាត់កំពុងអវត្តមានពីក្រុម។ គាត់បាននឹងកំពុងហ្វឹកហាត់អស់រយៈពេលជាច្រើនថ្ងៃមកហើយ ប៉ុន្តែនៅតែមានស្ថានភាពសុខភាពមិនទាន់ល្អគ្រប់គ្រាន់។ យើងត្រូវរង់ចាំ ២ឬ៣ថ្ងៃទៀត។ គាត់នឹងត្រឡប់មកវិញសម្រាប់ការប្រកួតបន្ទាប់ ដែលត្រូវប៉ះនឹងក្រុម Villarreal» នេះបើតាមសម្តីលោក Ancelotti បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន។

ក្រុមនាំមុខគេ Real Madrid ក្នុង La Liga នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Granada ស្របពេលដែលលីគវិលត្រឡប់មកវិញ បន្ទាប់ពីសម្រាក ២សប្តាហ៍ ដោយសារត្រូវរៀបចំការប្រកួតជម្រុះ World Cup នៅតំបន់អាមេរិកខាងត្បូងឡើងវិញដែលត្រូវបានពន្យារពេលកាលពីឆ្នាំមុន ដោយសារការរីករាលដាល ពីជំងឺកូវីដ១៩។

ក្លិប Real Madrid កំពុងនាំមុខគេដោយមាន ៥០ពិន្ទុសរុបពី ២២ប្រកួត ជាមួយនឹង ៤ពិន្ទុនាំមុខក្រុមលំដាប់ទី២ Sevilla ទៀតផង៕