(ភ្នំពេញ)៖ សហគ្រាសស្នាដៃនារីខ្មែរ សាឡន ឈូកវ៉ា២ (NRKS) ដែលមានឯកទេសថែរក្សាសម្ផស្សនោះ បានបន្តបើកសាខាទី១៤របស់ខ្លួន មានទីតាំងផ្ទះលេខ៤៩ ផ្លូវលេខ១២ ភូមិកតិបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីទទួលបានការគាំទ្រពីអតិថិជនកាន់តែច្រើន ជាមួយនឹងពាក្យស្លោកថា «អភិវឌ្ឍន៍ សេចក្តីស្រឡាញ់ ទំនុកចិត្ត»

ពិធីសម្ពោធដាក់ដំណើរការជាផ្លូវការនូវសាខាទី១៤នេះ ធ្វើឡើងនាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ភ័ណ្ឌ សុផល ទីប្រឹក្សាក្រសួងព័ត៌មាន និងមានការចូលរួមពីលោកអគ្គនាយកសហគ្រាសស្មាដៃនារី សាឡន លោកស្រីអគ្គនាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរ សាឡន បណ្តាប្រធានសាខាទាំង១៤សាខា និងដៃគូរសហការចំនួន៤៥សាខា មកពីបណ្តារាជធានី-ខេត្តចំនួន២០។

តំណាងទីផ្សារនៃសហគ្រាសស្នាដៃនារីខ្មែរ សាឡន ឈូកវ៉ា២ (NRKS) លោក វង្ស វីរៈ បានថ្លែងថា ស្នាដៃនារីខ្មែរ សាឡន មានចំនួន១៤សាខា មានដៃគូរសហការចំនួន៤៥សាខា មានការចែកចាយ និងបង្រៀនជំនាញផ្នែកសាឡន ដូចជា អ៊ុតសក់ត្រង់ លាបពណ៌សក់ រចនាក្រចក Make Up (តុបតែងមុខ) ជាដើម។

លោកបន្តថា ស្នាដៃនារីខ្មែរ សាឡន ចាប់ផ្ដើមដំណើរដំបូងក្នុងឆ្នាំ២០០៨ ក្នុងនោះមានលោក ម៉ៅ មីន អគ្គនាយកសហគ្រាសស្មាដៃនារី សាឡន លោកស្រី ហង់ វុត្ថា អគ្គនាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរ សាឡន ជាមួយពាក្យស្លោកថា «អភិវឌ្ឍន៍ សេចក្តីស្រឡាញ់ ទំនុកចិត្ត»

សូមបញ្ជាក់ថា ហាងសាឡនមានអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្ម រីឯផ្នែកមជ្ឈមណ្ឌលបណ្តុះបណ្តាល គឺមានអាជ្ញាប័ណ្ណពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះប្រវេទន៍ផលិតផល (ផលិតផលគ្រឿងសម្អាង) មានអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាល និងសហគ្រាសមានអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្ម។ និយាយរួម ស្នាដៃនារីខ្មែរ សាឡន អនុវត្តតាមច្បាប់របស់រដ្ឋក្នុងការប្រកួតប្រណាំងប្រជែងពាណិជ្ជកម្មដោយមានភាពស្មោះត្រង់។

លោក ភ័ណ្ឌ សុផល បានថ្លែងអំណរគុណចំពោះលោកអគ្គនាយកសហគ្រាសស្នាដៃនារី សាឡន លោកស្រីអគ្គនាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរ សាឡន ដែលបានវិនិយោគលើវិស័យថែរក្សាសម្ផស្ស ស្របពេលប្រទេសជាតិកំពុងអភិវឌ្ឍ មានសន្តិភាព ជាមួយភាពពេញនិយមទាន់សម័យរបស់នារីៗ ត្រូវការរក្សាសម្រស់សម្ផស្ស ហើយមុខរបរនេះកំពុងពេញនិយមបំផុតនៅកម្ពុជា។

លោកបន្តថា ការវិនិយោគអនុវត្តតាមច្បាប់របស់រដ្ឋមានអាជ្ញាប័ណ្ណត្រឹមត្រូវ គឺជាការចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា និងបានចំណូលពន្ធបង់ជូនរដ្ឋ ពិសេសបានស្រូបកម្លាំងពលកម្មក្នុងស្រុក ផ្តល់ ឱ្យប្រជាពលរដ្ឋមានការងារធ្វើរាប់រយនាក់ជាមួយប្រាក់បៀវត្សសមរម្យ ដើម្បីសម្រាលដល់ជីវភាព ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ និងបានចូលរួមជួយសង្គម តាមរយៈផ្តល់អំណោយសប្បុរសធម៌ផ្សេងៗដល់កុមារៗតាមជនបទ ដូចជា បើកបង្រៀនភាសាអង់គ្លេស ផ្តល់សម្ភារសិក្សា ជួលគ្រូបង្រៀនដល់ជនបទ៕