(ប៉េកាំង)៖ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ Sports Promedia បានឲ្យដឹងថា សាធារណរដ្ឋប្រជាមានិតចិន បានចំណាយទឹកប្រាក់អស់ជាង ៣៨.៥ពាន់លានដុល្លារ ក្នុងការរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាចម្រុះរដូវរងា Winter Olympic Games 2022 នៅទីក្រុងប៉េកាំង លើកទី២៤ នេះ។

តែយ៉ាងណាបើយោងតាមរបាយការណ៍ដែលចេញដោយ Business Insider វិញបានបង្ហាញថា ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២ លើលោកនេះ បានធ្វើការព្យាករណ៍អស់តែ ៣.៩ពាន់លានដុល្លារប៉ុណ្ណោះ ខុសឆ្ងាយដាច់តែម្តង ដែលវាជាការចំណាយដ៏ច្រើនលើសលប់ក្នុងចំណោមយុទ្ធនាការអូឡាំពិក ១០លើកចុងក្រោយនេះ។

ព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តង Winter Olympics ត្រូវបានបើកសម្ពោធជាផ្លូវការនៅរាត្រីថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានអត្តពលិកចំនួន ៣០០០នាក់មកពី ៩១ប្រទេសចូលរួមប្រកួតប្រជែងមេដាយ។

យ៉ាងណានេះក្តី ចិនក៏បានចំណាយអស់ទឹកប្រាក់ប្រមាណ ៤២ពាន់លានដុល្លារផងដែរ កាលធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅ នាឆ្នាំ២០០៨ ដែរ (Summer Olympic Games 2008) នៅទីក្រុង Beijing នេះជាលើកដំបូងដូចគ្នា។

មហាអំណាចចិន ត្រូវបានបោះឆ្នោតគាំទ្រធ្វើម្ចាស់ផ្ទះ Winter Olympics 2022 នៅក្នុងសមាជពេញអង្គលើកទី១២៨ របស់ IOC នាទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ីក្នុងខែកក្កដា ឆ្នាំ២០១៥ ដោយទទួលសំឡេងគាំទ្រ ៤៤សំឡេង ទល់នឹង ៤០សំឡេងនៃទីក្រុង Almaty របស់ប្រទេសកាហ្សាក់ស្ថាន៕