(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានប្រគល់ជ័យលាភី និងប្រាក់រង្វាន់ដល់សិស្សានុសិស្សនៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០-២០២១ ព្រមទាំងចែកប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សឆ្នើមដទៃទៀតផងដែរ។

ពិធីនេះបានធ្វើឡើង នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលចំរើនសិរីមង្គល ស្ថិតក្នុងភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដោយមានការចូលរួមពី លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង លោក ខែម រស្មី ស្ថាបនិក និងជាអគ្គនាយកនៃក្រុមហ៊ុន ឌូវី អ៉ីនធើណេសិនណល និងថ្នាក់ដឹកនាំសាលា សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សចូលរួមជាច្រើននាក់ទៀត។

គួរជម្រាបថា សម្រាប់ឆ្នាំ២០២១ ខេត្តបាត់ដំបងមានបេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុបចំនួន៦,៨១១នាក់ (ស្រីចំនួន៣,៧៨០នាក់) ក្នុងនោះមានបេក្ខជនបានប្រឡងជាប់សរុប៤,០៤០នាក់ (ស្រីចំនួន២,៣៧០នាក់)។

លោកអគ្គនាយក ខែម រស្មី បានបញ្ជាក់ថា បន្ទាប់ពីសិស្សានុសិស្សបានប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២០-២០២១ កន្លងថ្មីៗនេះ សម្រាប់សិស្សសាលាចំណេះទូទៅអន្តរជាតិ ឌូវី នៃក្រុមហ៊ុន ឌូវី អ៉ីនធើណេសិនណល បានប្រលងជាប់ចំនួន៧០នាក់ ក្នុងនោះមានសិស្សនិទ្ទេស A ចំនួន៤នាក់ សិស្សនិទ្ទេស B ចំនួន៩នាក់ សិស្សនិទ្ទេស C ចំនួន១៦នាក់ សិស្សនិទ្ទេស D ចំនួន១៧នាក់ និងសិស្សនិទ្ទេស E ចំនួន២៤នាក់។

រង្វាន់ដែលត្រូវប្រគល់ជូនសិស្សានុសិស្សនាពេលនោះ រួមមាន សម្រាប់សិស្សនិទ្ទេស A ចំនួន៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២,៧០០ដុល្លារ សិស្សនិទ្ទេស B ចំនួន៩នាក់ ក្នុងម្នាក់ទទួលបានថវិកា២,៣០០ដុល្លារ។ ក្រៅពីនេះក៏មានបំពាក់មេដាយមាស មេដាយប្រាក់ បណ្ណសរសើរ លិខិតសសើរដល់សិស្សឆ្នើមសម្រាប់សិស្សពូកែ និងពានរង្វាន់ឆ្នើមនៃការប្រកួតប្រជែងស្នាដៃស្ទែមផ្នែករ៉ូបូត និងបច្ចេកវិទ្យា (បំណងប្រាថ្នា / រ៉ូបូតមនុស្សយន្ត / យន្តហោះកៅស៊ូ / ASMO International / Babras Olympiad / ASEAN CyberKidsCamp ជាដើម»។

នាឱកាសនោះ លោកអភិបាលខេត្ត សុខ លូ បានណែនាំដល់សិស្សានុសិស្សឲ្យបន្តខិតខំរៀនសូត្របន្ថែមទៀត ទាំងផ្នែកភាសា និងជាពិសេសពេលចូលដល់ឧត្តមសិក្សា ត្រូវជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ពេញចិត្ត ហើយត្រូវយកជំនាញដែលខ្លួនបានរៀននោះទៅអនុវត្តក្នុងសង្គម ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។

លោកបានក្រើនរំលឹកដល់សិស្សានុសិស្ស អាណាព្យាបាលត្រូវចូលរួមពង្រឹងសម្អាតនូវបរិស្ថាន អនាម័យជុំវិញគេហដ្ឋាន ក៏ដូចជាបរិស្ថានសាធារណៈក្នុងក្រុង ដោយត្រូវទុកដាក់កាកសំណល់-សំរាមឲ្យមានរបៀបរៀបរយ បោសសម្អាតជាប្រចាំ ដើម្បីឲ្យសោភ័ណភាពក្នុងក្រុងបាត់ដំបងកាន់តែស្រស់បំព្រង ទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាខេត្តបាត់ដំបងកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។

បើតាមលោកអគ្គនាយក ខែម រស្មី សាលាចំណេះទូទៅអន្តរជាតិ ឌូវី គឺជាសាលាចំណេះទូទៅអន្តរជាតិតែមួយគត់នៅភូមិភាគពាយព្យប្រទេសកម្ពុជា ដែលផ្តល់ជូនកម្មវិធីសិក្សាតាមកម្មវិធីអប់រំកម្ពុជា អាមេរិកាំង និងចិនពេញលេញ ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់ថ្នាក់ទី១២៕