(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករ ៣៦នាក់ ដែលបានជាប់ក្នុងការធ្វើតេស្ដដំណាក់កាលទី១ កាលពីថ្ងៃទី០២-០៤ ខែកុម្ភៈហើយ ដោយពួកគេ នឹងត្រូវបន្ដធ្វើតេស្ដក្នុងដំណាក់កាលទី២ ដើម្បីចម្រុះយកកីឡាករឆ្នើម ២៨នាក់ ត្រៀមការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍អាយុក្រោម ២៣ឆ្នាំ AFF U23 Championship 2022 នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-២៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ។

សម្រាប់ការធ្វើតេស្ដដំណាក់កាលទី២ នឹងចាប់ផ្ដើមពីថ្ងៃទី០៥-០៨ ខែកុម្ភៈនេះ ដើម្បីជម្រុះយកកីឡាករ ២៨នាក់ចុងក្រោយត្រៀមការប្រកួតប្រចាំតំបន់ខាងលើ។ រីឯកីឡាករដែលឆ្លងផុតការធ្វើតេស្ដដំណាក់កាលទី១ និងត្រៀមធ្វើតេស្ដដំណាក់កាលទី២ ថ្ងៃនេះ រួមមានកីឡាករភ្នំពេញក្រោន ៦នាក់, ព្រះខ័នរាជស្វាយរៀង ៤នាក់, វិសាខា ៦នាក់, បឹងកេត ៨នាក់, កងយោធពលខេមរភូមិន្ទ ២នាក់, អគ្គិសនីកម្ពុជា ២នាក់, ព្រៃវែង ៦នាក់, អង្គរថាយហ្គឺរ និងសាលាបាល់ទាត់ជាតិបាទីម្នាក់ដូចគ្នា។

គួរដឹងថា ការប្រកួតពានរង្វាន់ AFF U23 Championship 2022 ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនេះ នឹងប្រើប្រាស់ទីលានប្រកួតចំនួន២ គឺពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍ រួមជាមួយទីលានហ្វឹកហាត់ ១ទៀត។ ចំពោះលទ្ធផលបែងចែកពូល គឺក្រុមម្ចាស់ផ្ទះគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ។ រីឯពូល B មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ខណៈពូល C មានថៃ វៀតណាម និងសិង្ហបុរី៕