(តូក្យូ)៖ ក្រុមហ៊ុនផលិតរថយន្ត Honda និង Nissan ទាំងពីរនឹងកាត់បន្ថយបរិមាណផលិតកម្មក្នុងខែនេះ ដោយសារតែបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់នៅតែបន្តកើនឡើងទាំងក្នុង និងក្រៅប្រទេស។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រុមហ៊ុនផលិតរថយន្តនេះបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ទិន្នផលដំឡើងរថយន្ត Honda បានធ្លាក់ចុះប្រហែលខ្ទង់ ១០ភាគរយពីចំនួនដែលបានគ្រោងទុក ខណៈដែលចំនួននោះស្មើនឹងទិន្នផលផលិតរថយន្តប្រហែល ៦០,០០០គ្រឿងសម្រាប់ខែនេះ។

លទ្ធផលនៃការធ្លាក់ចុះនេះគឺបណ្តាលមកពីការផ្គត់ផ្គង់សមាសធាតុដែលមិនមែនជាផលិតផលពាក់កណ្តាលសម្រេច ដែលជាប់គាំងនៅអាស៊ីអាគ្នេយ៍ដោយសារទឹកជំនន់ក្នុងខែធ្នូនៅប្រទេសម៉ាឡេស៊ី ហើយ Honda ក៏ជាក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនដំបូងគេដែលបង្ហាញពីការខូចខាតដោយសារទឹកជំនន់នេះ។ ដោយឡែកក្រុមហ៊ុននេះក៏បានសម្រេចចិត្តថានឹងកាត់បន្ថយការផលិតនៅរោងចក្រដំឡើងរថយន្តរបស់ជប៉ុនចំនួនពីរកន្លែងផងដែរ។

ទន្ទឹមនឹងនេះ រថយន្តប្រហែលចំនួន ៦០,០០០គ្រឿងនៅក្នុងផលិតកម្មក្នុងស្រុកដែលគេបានព្យាករណ៍សម្រាប់ខែកុម្ភៈដែលជាការតំណាងឱ្យការកើនឡើងជិត ៣០ភាគរយបើធៀបទៅនឹងឆ្នាំ២០២១។

ចំពោះ Nissan ក៏បានជូនដំណឹងទៅដល់ក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួនថា នឹងមានការកាត់បន្ថយការផលិតជាសកលក្នុងខែកុម្ភៈចំនួន ១០,០០០គ្រឿង ដែលជាការតំណាងឱ្យការកាត់បន្ថយចំនួន ៤ភាគរយពីផែនការដើមរបស់ខ្លួន ខណៈដែលក្រុមហ៊ុននេះមានបំណងចង់ស្តារការផលិតឡើងវិញឱ្យបានដល់កម្រិតដែលបានព្យាករណ៍ដំបូងនៅក្នុងខែមករា ប៉ុន្តែត្រូវបានបរាជ័យដោយសារការផ្ទុះឡើងវិញនៃមេរោគឆ្លងកូវីដ១៩ នៅក្នុងក្រុមហ៊ុនផ្គត់ផ្គង់បានបង្ខំឱ្យក្រុមហ៊ុនផលិតរថយន្តកាត់បន្ថយការផលិតផងដែរ៕