(មែនឆេស្ទើ)៖ ការប្រជែងពាន FA Cup 2021-22 ក្រុមខ្លាំង Manchester United បានហាលអាវក្រោមថ្វីជើងក្រុមមកលីគ២ Middlesbrough ក្នុងលទ្ធផល ៧-៨ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី បន្ទាប់ពីស្មើគ្នា ១-១ ក្នុងការប្រកួតពេញម៉ោងនាកីឡដ្ឋាន Old Trafford ឈានទៅប្រជែងវគ្គ ១៦ក្រុមចុងជាបន្ត។ នេះបើតាមប្រភពពី BBC ចេញផ្សាយនាថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២២។
ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង ៩ពាន់នាក់នោះ Middlesbrough ដែលមកពី Championships នោះបានតាមស្មើ ១-១ ដោយការស៊ុតរបស់កីឡាករ Matt Crooks បន្ទាប់ពីការស៊ុតគ្រាប់នាំមុខមុនរបស់ខ្សែបម្រើអង់គ្លេស Jadon Sancho ក្រោយការទាត់បាល់ពីន័យ ១១ម៉ែត្រមិនបានសម្រេចរបស់ Cristiano Ronaldo ក្នុងនាទីទី២០ ហើយនេះជាការជ្រុះចេញពីការប្រជែងដ៏លឿនបំផុតត្រឹមវគ្គ ៣២ក្រុមរបស់បិសាចក្រហម Man United បើធៀបនឹងរដូវកាលមុនបានឈានដល់វគ្គ ៨ក្រុមចុងក្រោយនោះ។
ដ្បិតការប្រកួតដែលសម្រេចដោយការស៊ុតបាល់ ១១ម៉ែត្រកីឡាករវ័យក្មេង Anthony Elanga ធ្វើមិនបានសម្រេចនោះទេ ពេលដែល Chris Wilder ស៊ុតបំប៉ោងសំណាញ់ទីក្លាយជាជោគជ័យទី២ របស់ Middlesbrough ក្នុងចំណោមការប៉ះគ្នា ១១លើកជាមួយក្រុមមកពី Premier League ដែលពួកគេក៏ធ្លាប់ឡើងដល់វគ្គ ៨ក្រុមប៉ះ Manchester City កាលពីឆ្នាំ២០១៥ ខណៈដែលលទ្ធផលគូប្រជែងវគ្គ ១៦ក្រុមនឹងត្រូវសម្រេចនៅថ្ងៃទីអាទិត្យចុងសប្តាហ៍នេះ។
បិសាចក្រហម Manchester United នៅសល់ពាន Premier League និង UEFA Champions League ដែលត្រូវប្រជែងនារដូវកាលនេះ និងពុំធ្លាប់ឈ្នះពានណាមួយនោះទេ គិតចាប់តាំងពីឆ្នាំ២០១៧ មក បន្ទាប់ពីឈ្នះពាន League Cup និង UEFA Europa League ក្រោមការបង្វឹករបស់លោក Jose Mourinho រួចមក៕