(ភ្នំពេញ)៖ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានគាំទ្រពេញទំហឹង ចំពោះការបង្កើតកម្មវិធីប្រដាល់ថ្មី «CBS គុនខ្មែរ» ដោយលោករំពឹងថា សង្វៀនប្រដាល់ថ្មីមួយនេះ នឹងរួមចំណែកអភិរក្សក្បាច់គុនបុរាណខ្មែរ ពិសេសអភិវឌ្ឍន៍សមត្ថភាពមន្ដ្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ-កីឡាការិនីឲ្យកាន់តែរីកចម្រើន សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។
ការលើកឡើងនេះ បន្ទាប់ពីក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយកម្ពុជា (CBS) បានចុះហត្ថលេខាជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីបង្កើតកម្មវិធីខាងលើ ក្នុងគោលបំណងបន្ដលើកកម្ពស់គុនខ្មែរ និងផ្ដល់ឱកាសឲ្យអ្នកប្រដាល់បានបង្កើនសមត្ថភាព។ ពិធីចុះហត្ថលេខានេះបានធ្វើឡើងក្រោមវត្តមានលោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងមានការចូលរួមពីលោក អ៊ុក សិទ្ធជាតិ អគ្គនាយកអគ្គនាយកដ្ឋានកីឡានាល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រមុខសហព័ន្ធដដែលបានសម្ដែងនូវក្ដីរីករាយ ចំពោះស្ថានីយ៍ទូរទស្សន៍នានា ដែលបង្កើតឲ្យមានកម្មវិធីថ្មីៗ និងប្លែកៗក្នុងន័យរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡាជាសម្បត្តិវប្បធម៌ជាតិដ៏យូរលង់មួយនេះឲ្យកាន់តែរីកចម្រើន តាមរយៈការពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ពិសេសការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា តែម្ដង។
លោក Rajveer Singh នាយកប្រតិបត្តិ CBS បានបញ្ជាក់ថា «កីឡាប្រដាល់គុនខ្មែរ បានបង្កភាពសប្បាយរីករាយដល់អ្នកទស្សនារាប់លាននាក់ នៅពាសពេញប្រទេស តាមរយៈការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហើយកីឡាប្រដាល់គុនខ្មែរ លែងមានអ្វីអាថ៌កំបាំងទៀតហើយ ដែលត្រូវទទួលស្គាល់យ៉ាងទូលំទូលាយថា ជាកីឡាជាតិរបស់ប្រទេសកម្ពុជា»។
ចំពោះកម្មវិធី «CBS គុនខ្មែរ» ត្រូវបានចាត់ទុកជាកម្មវិធីដំបូងគេ ដែលរៀបចំតាមរូបមន្ដប្លែក និងពុំដែលមានការប្រកួតបែបនេះនៅកម្ពុជាពីមុនមកឡើយ។ កម្មវិធីនឹង នឹងមានការរៀបចំឲ្យមានការប្រកួតដណ្ដើមខ្សែក្រវាត់ ២ប្រភេទទម្ងន់ ក្នុងពេលតែមួយ ដោយមានកីឡាករ ១៦នាក់ចូលរួម ក្នុងនោះទម្ងន់ ៥៧គីឡូក្រាម ៨នាក់ និងទម្ងន់ ៥៤គីឡូក្រាម ៨នាក់ ហើយពួកគេនឹងត្រូវធ្វើការប្រកួតជម្រុះតាមរូបមន្ដសន្សំពិន្ទុ ដើម្បីឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ និងទឹកប្រាក់ ៥ពាន់ដុល្លារ។
ប៉ុន្ដែអ្វីដែលប្លែកកខុសពីកម្មវិធីមុនៗ និងពុំធ្លាប់មាននោះ គឺក្នុងកម្មវិធីនេះ កីឡាករម្នាក់ៗ ក្នុងប្រភេទទម្ងន់ផ្សេងគ្នា ២រូប អាចចាប់ដៃគូគ្នាធ្វើជាក្រុមមួយ ប្រកួតចំនួន ៣ប្រកួតក្នុងពូលរៀងៗខ្លួន។ ពិន្ទុ (ឈ្នះ-ចាញ់) ពីគណៈចៅក្រមក្នុងការប្រកួតវគ្គចែកពូលនោះ ត្រូវយកមកគណនារៀងៗខ្លួន រួចបូកបញ្ចូលគ្នាទាំង ២នាក់ ធៀបជាមួយនឹងក្រុមផ្សេងៗ ដើម្បីយកពិន្ទុខ្ពស់ជាងគេឆ្ពោះទៅទទួលប្រាក់រង្វាន់ ៥ពាន់ដុល្លារផងដែរ។ ព្រឹត្តិការណ៍នេះគ្រោងប្រកួតរយៈពេល ៤ខែ ដោយនឹងចាប់ផ្ដើមប្រកួតបើកឆាកនាថ្ងៃទី០៤ ខែមីនាខាងមុខ៕