(យេរ៉ូសាឡឹម)៖ អត្តពលិកប្រមាណ៥,៧០០នាក់ បានចូលរួមរត់ប្រណាំង ក្នុងព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងប្រចាំឆ្នាំ Dead Sea Marathon នៅតាមបណ្តោយច្រាំងបឹង ស្ថិតនៅភាគខាងត្បូង ឆៀងខាងកើត ប្រទេសអ៊ីស្រាអ៊ែល, ជាចំណុចដែលមានកម្ពស់ទាបជាងគេ នៅលើពិភពលោក, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង, ក្នុងនោះរួមទាំងការរត់ឆ្ពោះ ទៅកាន់កណ្តាលសមុទ្រ ដែលជាកន្លែងកំណត់ព្រំដែន រវាងអ៊ីស្រាអ៊ែល និងហ្ស៊កដានី នៅតំបន់ភាគខាងនៃសមុទ្រ Dead Sea ផងដែរ។
ម្ចាស់ជ័យលាភី ការរត់ប្រណាំងផ្នែកបុរស បានទៅលើជនជាតិអ៊ីស្រាអ៊ែល លោក Ziv Baum ដែលបានចំណាយពេល២ម៉ោង៥៩នាទីនិង១៤វិនាទី, ស្របពេលដែលអ្នកស្រី Hilla Bonneh ដែលជាជនជាតិអ៊ីស្រាអ៊ែលដែរនោះ បានឈ្នះជ័យលាភីផ្នែកស្រ្តី ដោយប្រើពេលវេលា៣ម៉ោង១៦នាទីនិង៥៥វិនាទី។
ម្ចាស់ជ័យលាភីទាំងពីរ ទទួលបានពានរង្វាន់ប្រាក់ចំនួន១,៥០០សាខែល (៤៦៩ដុល្លារអាមេរិក) ក្នុងម្នាក់។
ព្រឹត្តិការណ៍នេះ ក៏រួមបញ្ចូលទាំងការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងផងដែរ ដែលមានរយៈចម្ងាយ៥០គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ៕