(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈនេះ បានបង្ហាញប្លង់អង្គុយទស្សនាការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍អាយុក្រោម ២៣ឆ្នាំ AFF U23 Championship 2022 ហើយ ក្រោយបែងចែក និងកំណត់តម្លៃសំបុត្រជា ៤ប្រភេទនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សម្រាប់តម្លៃសំបុត្រទាំង ៤ប្រភេទខាងលើរួមមានប្រភេទ១ តម្លៃ ៣០,០០០រៀល មានចំនួន ៦,៧៨៩កៅអី។ ប្រភេទ២ តម្លៃ ២០,០០០រៀល មានចំនួន ៣,០២៩កៅអី។ ប្រភេទ៣ តម្លៃ ១៤,០០០រៀល មានចំនួន ៩,៧៧៣កៅអី និងប្រភេទ៤ តម្លៃ ៨,០០០រៀល មានចំនួន ៦៨,៤៨កៅអី។ សំបុត្រនេះ នឹងបើកលក់នៅថ្ងៃទី១០ ខែកុម្ភៈខាងមុខ ពោលគឺ ៤ថ្ងៃមុនការប្រកួតចាប់ផ្ដើម។
ប្រភពដដែលបានបញ្ជាក់ថា ដោយសារគោរពវិធានការសុខាភិបាល ដើម្បីបង្ការជំងឺរាតត្បាតជាសកលកូវីដ-១៩ ការកំណត់ចំនួនកៅអីខាងលើនេះ គឺក្រោយកាត់ចំនួនកៅអី ៥០% ចេញ មានន័យថា សហព័ន្ធអនុញ្ញាតឲ្យទស្សនិកជនចូលទស្សនាផ្ទាល់ត្រឹម ៥០% ប៉ុណ្ណោះ នៃចំនួនកៅអីសរុបនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្មើនឹង ២៦,៤៣៩កៅអី។
សូមរំឮកថា ការប្រកួតពានរង្វាន់ AFF U23 Championship 2022 ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៤-២៦ ខែកុម្ភៈខាងមុខ ដោយប្រើប្រាស់ទីលានប្រកួតចំនួន២ គឺពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍។ ចំពោះលទ្ធផលបែងចែកពូល ក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ។ រីឯពូល B មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ខណៈពូល C មានថៃ វៀតណាម និងសិង្ហបុរី៕