(បរទេស)៖ ក្រុមហ៊ុន Alphabet ដែលជាមេធំរបស់ Google បានបង្ហាញពីប្រាក់ចំណូលសម្រាប់ត្រីមាសទី ៤របស់ខ្លួនដែលទទួលបានលទ្ធផលល្អប្រសើរលើសពីការរំពឹងទុកដោយភាគហ៊ុនមានការកើនឡើងរហូតដល់ទៅច្រើនជាង ៩ភាគរយ។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។

Alphabet បានរាយការណ៏ពីកំណើននៃប្រាក់ចំណូលដែលបានកើនឡើងចំនួន ៣២ភាគរយ ខណៈដែលសម្ពាធពីជំងឺរាតត្បាតកូវីដ១៩បានកើនឡើងជាសកល។ ដោយឡែកភាគហ៊ុននៃក្រុមហ៊ុននេះបានកើនឡើងរហូតដល់ទៅ ៦៥ភាគរយកាលពីឆ្នាំ២០២១ ដែលលទ្ធផលនេះបានផ្តួលក្រុមហ៊ុន Big Tech ទាំងស្រុង និងបានកើនឡើងបីដងនៅក្នុងផ្សារហ៊ុន (S&P 500)។

ចំណែកឯប្រាក់ចំណូលដែលបានមកពីការផ្សាយពាណិជ្ជកម្មរបស់ Google ទទួលបាន ៦១.២៤ពាន់លានដុល្លារអាមេរិកសម្រាប់ត្រីមាសទី ៤នេះដែលបានកើនឡើង ៣៣ភាគរយ ដោយពីមុនមានទំហំទឹកប្រាក់ត្រឹមតែ ៤៦.២ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។

នាយកប្រតិបត្តិក្រុមហ៊ុន Alphabet លោក Sundar Pichai បានឱ្យដឹងថា បច្ចុប្បន្ននេះមានអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃច្រើនជាង ១៥ពាន់លាននាក់ទូទាំងពិភពលោក ហើយឥលូវនេះក៏បាននឹងកំពុងព្យាយាមប្រកួតប្រជែង Tik Tok ជាមួយនឹងសេវាកម្មមួយដែលមានឈ្មោះថា Shorts គឺជាប្រភេទវីដេអូខ្លីៗដើម្បីទាញយកប្រាក់ចំណូលពីសេវាកម្មនេះមួយផ្នែកផងដែរ។

ចំពោះផ្នែកដែល Google អាចរកប្រាក់ចំណូលបានតាមរយៈផ្សេងទៀតនោះរួមមាន Hardware, Play Store និងប្រាក់ចំណូលដែលបានមកពី YouTube ដោយមិនមានការដាក់ផ្សាយពាណិជ្ជកម្មបានកើនឡើងចំនួន ៨.១៦ពាន់លានដុល្លាអាមេរិកពីការលក់ ហើយបានកើនឡើងពី ៦.៦៧ពាន់លានដុល្លាអាមេរិកកាលពីឆ្នាំមុន ខណៈដែលមួយផ្នែកទៀតបានមកពីការលក់ស្មាតហ្វូន Pixel របស់ខ្លួនដែលមានការកើនឡើងជាបន្តបន្ទាប់ បើទោះបីជាមានឧបសគ្គខ្សែសង្វាក់ផ្គត់ផ្គង់ក៏ដោយ។

 នៅក្នុងការបំបែកទីផ្សារភាគហ៊ុនរបស់ខ្លួន Alphabet កំពុងតែព្យាយាមដើរតាម Apple និង Tesla ក្នុងរយៈពេលពីរទៅបីឆ្នាំចុងក្រោយនេះ ដោយការបំបែកទីផ្សារនេះមិនបានផ្លាស់ប្តូរមូលដ្ឋានគ្រឹះនៃអាជីវកម្មរបស់ខ្លួននោះទេ។ ផ្ទុយទៅវិញពួកគេនឹងធ្វើឱ្យតម្លៃភាគហ៊ុននីមួយៗធ្លាក់ចុះ ដែលជាការផ្លាស់ប្តូរយុទ្ធសាស្រ្តដ៏ធំមួយដែលក្រុមហ៊ុននេះតែងតែធ្វើនៅពេលដែលភាគហ៊ុនរបស់់ពួកគេបានដាក់លក់នៅក្នុងតម្លៃរាប់ពាន់ដុល្លារឯណោះ។

ហើយប្រសិនបើការបំបែកភាគហ៊ុននេះធ្វើឡើនៅថ្ងៃខាងមុខនេះតម្លៃភាគហ៊ុននីមួយៗនឹងមានចាប់ពី២,៥៧២.៨៨ ដល់ ១២៨.៦៤ ដុល្លារអាមេរិកហើយចំពោះអ្នកដែលមានភាគហ៊ុនស្រាប់នឹងទទួលបានភាគហ៊ុនបន្ថែមចំនួន ១៩ភាគហ៊ុនបន្ថែមទៀតរាល់ភាគហ៊ុនដែលពួកគេកាន់កាប់។

គួរជម្រាបផងដែរថា ថ្វីត្បិតតែមានការកើនឡើងដ៏ច្រើនក៏ពិតមែនប៉ុន្តែនៅកំឡុងខែមករាភាគហ៊ុនរបស់ Alphabet បានធ្លាក់ចុះរហូតដល់ចំនួន ៦.៦ភាគរយ ខណៈដែល Wall Street បានលក់អស់ពីស្តុបបច្ចេកវិទ្យារបស់ពួកគេ៕