(ឡុងដ៍)៖ ក្លិបបាល់ទាត់ Watford បានតែងតាំងអតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងក្លិប Liverpool លោក Roy Hodgson ជាអ្នកចាត់ការថ្មីរបស់ពួកគេ ប៉ុន្មានថ្ងៃបន្ទាប់ពីបញ្ចប់តួនាទីលោក Claudio Ranieri ក្រោយពីចាញ់ក្នុងភាពជាម្ចាស់ផ្ទះ ៣-០ ក្រោមថ្វីជើងក្រុមភ្ញៀវ Norwich City។ នេះបើតាមការឲ្យដឹងពីក្លិបដែលលេងនៅ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។
លោក Hodgson ត្រូវបានតែងតាំង ដើម្បីរក្សាក្លិប Watford លេងនៅលីគកំពូលនេះ ជាការងារដែលលោកធ្វើបានសម្រេចអស់រយៈពេល ៤រដូវកាលជាប់គ្នា ជាមួយនឹងក្លិប Crystal Palace ដែលជាក្រុមចុងក្រោយលោកបានរៀបចំ និងគ្រប់គ្រង។
«Watford FC សូមបញ្ជាក់ពីការតែងតាំងលោក Roy Hodgson ជាអ្នកចាត់ការថ្មីរបស់ក្លិប»។ នេះបើតាមក្លិបបានឲ្យដឹង។
គួររំលឹកថា លោក Ranieri ត្រូវបានដកចេញពីតំណែងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីកាន់តួនាទីបានត្រឹមតែជាង ៣ខែ បន្ទាប់ពីលទ្ធផលប្រកួតគួរឲ្យព្រួយបារម្ភ ដែលបានធ្វើឲ្យក្លិបស្ថិតក្នុងតំបន់កាត់ចោលនៅ Premier League រដូវកាលនេះ។
ក្លិប Watford ដែលទើបតែឡើងទៅលេងនៅលីគកំពូលអង់គ្លេសកាលពីរដូវកាលមុននោះ បច្ចុប្បន្នស្ថិតនៅលំដាប់ទី២ រាប់ពីបាតតារាង ដោយមាន ១៤ពិន្ទុ ពី ២០ប្រកួត បន្ទាប់ពីចាញ់ ៧ដង និងស្មើ១ ក្នុងចំណោម ៨ប្រកួតចុងក្រោយរបស់ពួកគេ៕