(ភ្នំពេញ)៖ ដើម្បីបន្តគាំទ្រកិច្ចការងារសង្គម យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលបានបង្កើតឡើងដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាច្រើនឆ្នាំមកហើយ គ្រោងនឹងបន្ត បរិច្ចាគទឹកបរិសុទ្ធ កម្ពុជាប្រមាណ៣ម៉ឺនកេស ជូនដល់មណ្ឌលសុខភាព មន្ទីរពេទ្យ និងគោលដៅត្រួតពិនិត្យចរាចរណ៍ ក្នុងប្រទេសកម្ពុជា ដែលនឹងអនុវត្តចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២២។

ក្នុងនោះ ក្រុមហ៊ុននឹងបង្កើនចំនួនទីតាំងពី១៩៤ ក្នុងឆ្នាំ២០២១ ទៅ២០០ទីតាំង ក្នុងឆ្នាំ២០២២សម្រាប់ការបរិច្ចាគ ដល់គោលដៅត្រួតពិនិត្យចរាចរណ៍ នៅទូទាំងប្រទេស ចំណែកឯវិស័យសុខាភិបាលវិញ ក្រុមហ៊ុននឹងបរិច្ចាគដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យចំនួន ២០ទីតាំង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។

អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា «ក្នុងឆ្នាំ២០២២នេះ យើងនៅតែបន្តស្មារតីជួយគ្នាទៅវិញទៅមក ជាពិសេសដល់ក្រុមគ្រូពេទ្យ និងនគរបាលចរាចរណ៍របស់យើង ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ ដើម្បីបម្រើពលរដ្ឋទាំងអស់គ្នា ដូច្នេះអ្វីដែលយើងអាចធ្វើបាន គឺនៅតែបន្តឧបត្ថម្ភ គាំទ្រ និងលើកទឹកចិត្តពួកគាត់»

អ្នកស្រី បន្ថែមថា ការគាំទ្រទឹកបរិសុទ្ធ កម្ពុជា ដែលគ្រប់តំណក់ទឹកត្រូវបានបន្សុទ្ធ ដើម្បីសុខភាព គឺប្រៀបដូចជាការគាំទ្រដល់យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដើម្បីបន្តជួយដល់កិច្ចការងារសង្គមដែរ។

ក្រៅពីគោលដៅខាងលើ យុទ្ធនាការសប្បុរសធម៌នេះ ក៏នឹងបរិច្ចាគទៅដល់ស្ថាប័នផ្សេងទៀត ទៅតាមតម្រូវការជាក់ស្តែងផងដែរ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២១ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាជូនស្ថាប័នជាច្រើន រួមមានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល រដ្ឋបាលក្រុងព្រះសីហនុ អធិការដ្ឋាននគរបាលខណ្ឌ ក្នុងរាជធានីភ្នំពេញ គោលដៅបិទខ្ទប់ជាង ១០០ទីតាំង គោលដៅត្រួតពិនិត្យចរាចរណ៍១៩៤ទីតាំងជារៀងរាល់ខែ មណ្ឌលសុខភាព និងមន្ទីរពេទ្យចំនួន២០ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងស្ថាប័នជាច្រើនផ្សេងទៀត៕