(ភ្នំពេញ)៖ ពិធីការិនី និងជាតារាសម្តែងល្បីឈ្មោះកញ្ញា ដួង ហ្សូរីដា បានសម្រេចចិត្តលះបង់សក់ ដែលខ្លួនស្រឡាញ់ និងថែរក្សាអស់រយៈពេល២៣ឆ្នាំមកនេះ ដោយកាត់ចោលមកនៅត្រឹមកតែម្តង ដើម្បីសម្តែងវីដេអូចម្រៀង បែបប្រវត្តិសាស្ត្រ មានចំណងជើងថា «ជីវិតក្មេងវត្ត» ដែលជាស្នាដៃនិពន្ធ និងសាច់រឿងជីវិតពិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្នុងវីដេអូចម្រៀងបែបប្រត្តិសាស្ត្រនេះ កញ្ញា ដួង ហ្សូរីដា បានបង្ហើបថា នាងសម្តែងជាតួម្តាយ របស់ប្រមុខថ្នាក់ដឹកនាំកំពូលតែម្តង។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កញ្ញា ដួង ហ្សូរីដា បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា «១៧-០១-២០២២ ថ្ងៃនេះជាថ្ងៃសីល ១៥កើត ខ្ញុំបានលះបង់វត្ថុមានតម្លៃនៃខ្លួនរបស់ខ្ញុំផ្ទាល់ គឺ (សក់) ដែលខ្ញុំស្រឡាញ់បំផុត ដើម្បីបទចម្រៀងប្រវត្តិសាស្រ្តមួយនេះ ជីវិតក្មេងវត្ត ដែលជាស្នាដៃនិពន្ធនិងជារឿងជីវឹតពិតដ៏កំសត់របស់សម្តេចពុក តេជោ»។
ជាមួយនឹងការកាត់សក់ពីវែងត្រឹមចង្កេះ ទៅជាខ្លីត្រឹមក ដើម្បីសម្តែងវីដេអូចម្រៀង នៅពេលនេះ ត្រូវបានតារាសម្តែង ដួង ហ្សូរីដា បញ្ជាក់ថា មិនមែនជាការបង្ខំនោះទេ ប៉ុន្តែគឺជាមោទនភាពសម្រាប់នាងផ្ទាល់ ដែលទទួលបានឱកាសក្នុងការចូលរួមសម្តែង ក្នុងវីដេអូចម្រៀង បែបប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូល។
នាងបានបន្ថែមថា «រយៈពេល ២៣ឆ្នាំ ដែលខ្ញុំទុកសក់វែងត្រឹមចង្កេះរហូត តាំងពីសម័យរៀននៅវិទ្យាល័យព្រះសុីសុវត្តិ ថ្នាក់ទី១២ ហើយក៏មិនធ្លាប់កាត់សក់រហូតដល់ចូលធ្វើការ និងប្រឡូកក្នុងវិស័យសីល្បៈ។ ប៉ុន្តែថ្ងៃនេះ ត្រូវកាត់សក់ឲ្យខ្លី ដើម្បីទទួលការសម្តែងជាតួម្តាយ របស់ថ្នាក់ដឹកនាំកំពូល។ ជាការទទួលយក មិនមែនបង្ខំ ប៉ុន្តែជាមោទនភាព ក្នុងការចូលរួមសំរាប់បទចម្រៀងប្រវត្តិសាស្រ្តមួយនេះ»។
កញ្ញា ដួង ហ្សូរីដា បានបញ្ជាក់ថា តាំងពីប្រឡូកក្នុងវិស័យសិល្បៈប្រមាណ១៥ឆ្នាំមកនេះ រាល់រឿងដែលតម្រូវឲ្យមានការកាត់សក់ គឺនាងតែងតែគេចមិនទទួលថតនោះទេ ក៏ប៉ុន្តែសម្រាប់ការថតវីដេអូចម្រៀង «ជីវិតក្មេងវត្ត» ដែលតម្រូវឲ្យនាងកាត់សក់ដូចពេលនេះ គឺនាងធ្វើទាំងសប្បាយចិត្ត និងមានមោទនភាពចំពោះការសម្តែងថែមទៀតផង ព្រោះជាឱកាសមួយ ដើម្បីចូលរួមថតវីដេអូចម្រៀង ដែលជាស្នាដៃនិពន្ធ និងជាសាច់រឿងជីវិតពិត របស់ថ្នាក់ដឹកនាំកំពូលប្រទេស គឺសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា៕