(សៀមរាប)៖ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) សាខាខេត្តសៀមរាប ដែលស្ថិតនៅភូមិមណ្ឌល៣ សង្កាត៎ស្លក្រាម ក្រុងសៀមរាប ត្រូវបានរៀបចំប្រារព្ធពិធីសម្ពោធដំណើរការជាផ្លូវការហើយ ក្រោមម្លប់នៃសន្តិភាព និងបានចែកវិញ្ញាបនបត្រ ដល់សិក្ខាកាម ចំនួន ៧៨ នាក់/អង្គ។
ពិធីខាងលើធ្វើឡើងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ស្របទិវាខួបលើកទី៤៣ ថ្ងៃជ័យជម្នះ ៧ មករា (១៩៧៩-២០២២) ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប តំណាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងមានការចូលរូមពីគណៈគ្រប់គ្រងសាកលវិទ្យាល័យន្រ្ទវិជ្ជា (UI) ស្ថាប័ន មន្ទីរជុំវិញខេត្ត សិក្ខាកាមដែលត្រូវទទួលនូវវិញ្ញាបនត្រចំនួន ៧៨ អង្គ/នាក់ និងសមាជិក សសយក ជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ បានកោតសរសើរ និងសម្តែងក្តីរីករាយ ដែលសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បើកសម្ពោធជាផ្លូវការ នៅក្នុងខេត្តដ៏មានសក្តានុពលមួយនេះ។ លោកបានចាត់ទុកថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា នឹងជួយលើកស្ទួយវិស័យអប់រំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាក់ជាមិនខាន។
លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ គោរពជូនសម្តេចតេជោ ហ៊ុន សែន ដែលផ្តល៎នូវអាទិភាពខ្ពស់ក្នុងវិស័យអប់រំ ហើយបានប្រឹងប្រែងថែរក្សាសុខសន្តិភាពអស់ពេលជាង ៤០ឆ្នាំ និងអភិវឌ្ឍប្រទេសបានយ៉ាងល្អ មានការរីកចម្រើនយ៉ាងខ្លាំងក្លាគ្របវិស័យ។
គណៈអធិបតីក៏បានថ្លែងកត់សម្គាល់ថា «នេះជាខួបលើកទី៤៣ ថ្ងៃជ័យជម្នះ៧ មករា ហើយសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ក៏ជាសាកលវិទ្យាល័យទី៧ នៅខេត្តសៀមរាប គឺពិតជាពិសេសមែន»។
លោកសាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានថ្លែងថា បច្ចុប្បន្នសាកលវិទ្យាល័យនេះ មានការរីកចម្រើន និងពង្រីកនូវសាខាសាកលវិទ្យាល័យតាមខេត្ត បានចំនួន ៣ ទីតាំងបន្ថែមទៀត រួមមាន៖ សាខាសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ខេត្តបាត់ដំបង សាខាសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ខេត្តសៀមរាប និងសាខាសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ខេត្តកំពត។
លោកសាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង បានបន្ថែមថា ក្រោមការខឹតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យល្អៗ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ពិតជាមានការរីកចម្រើន និងមាននិស្សិតចុះឈ្មោះចូលរៀនយ៉ាងច្រើន គួរឲ្យកត់សម្គាល់លើគ្រប់កម្រិត ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឥស្សរជន (មន្ត្រីរាជការវ័យចំណាស់) និងថ្នាក់បណ្ឌិត។
សូមជម្រាបថា នាឱកាសបើកបវេសមកាលសិក្សាឆ្នាំថ្មី ២០២១-២០២២ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ផ្ដល់ជូនអាហារូបករណ៍១០០% ចំនួន ១៥០០កន្លែង ទាំង៤ ទីតាំង៖
* ទីតាំងគោលទី១ រាជធានីភ្នំពេញ
* សាខាទី២ ខេត្តបាត់ដំបង
* សាខាទី៣ ខេត្តសៀមរាប
* សាខាទី៤ ខេត្តកំពត។
បេសកកម្មចម្បងរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងសមត្ថភាពធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ សម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង សីលធម៌ គុណធម៌ សមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសព្វនិងឈ្លាសវៃ ដើម្បីគុណភាព ឧត្ដមភាព ក្នុងការប្រកួតប្រជែងការងារ និងបម្រើសង្គមជាតិឲ្យមានការរីកចម្រើនឥតឈប់ឈរ។
លោកសាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង ថ្លែងចេញពីចិត្តថា «សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានការអភិវឌ្ឍ! សន្តិភាពជាឆ្អឹងខ្នងនៃវិស័យសិក្សាធិការជាតិ»៕