(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃ៧ ខែមករា ឆ្នាំ២០២២នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា និងជាសមាជិកក្រុមកីឡា នៃផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានចូលរួមបើកការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ ៧មករា លោក ហ៊ុន ម៉ាណែត រដូវកាលទី១ឆ្នាំ២០២២ នៅកីឡដ្ឋានហាជ្ជី ហ្វិកគ្រី ភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ការរៀបចំប្រកួតកីឡាពានរង្វាន់បាល់ទាត់ខាងលើក្នុងគោលបំណង៖
*ទី១៖ អបអរសាទរទិវាជ័យជម្នះ ៧មករា ឲ្យយុវជនយកថ្ងៃឈប់សម្រាក មកសប្បាយរីករាយលេងកីឡាបាល់ទាត់ ដើម្បីមិត្តភាពសាមគ្គីភាព ជំរុញការសិក្សា បណ្ដុះវប្បធម៌កីឡា នៅក្នុងខ្លួនយុវជនរបស់យើង ជៀសផុតពីអំពើអបាយមុខនានា ដែលបង្កភាពអសកម្មដល់សង្គមជាតិ
*ទី២៖ ឲ្យយុវជនរបស់យើងចងចាំស្មារតី ៧មករា ជាអមតៈ ពីព្រោះថ្ងៃ៧មករា កម្ពុជាត្រូវបានរំដោះឲ្យផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងត្រូវប្រជាជនកម្ពុជាចងចាំថា ទិវានេះជាកំណើតទី២របស់ប្រជាជនកម្ពុជា។
ការប្រកួតមាន១៦ ក្រុមចូលរួមប្រកួត និងជម្រើសយក៤ក្រុមចុងក្រោយ។ ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ៤ ទទួលបានថវិកា២លានរៀល, ចំណាត់ថ្នាក់លេខ៣ ទទួលបាន៤លានរៀល, ចំណាត់ថ្នាក់លេខ២ ទទួលបាន៦លានរៀល និងចំណាត់ថ្នាក់លេខ១ ទទួលបាន៨លានរៀល។
សម្រាប់ថវិកាចំណាយសរុបក្នុងការរៀបចំមាន ចំនួន៨,៥០០ដុល្លារ ដោយមានការចូលរួមឧបត្ថម្ភថវិកាពីសំណាក់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចំនួន១០លានរៀល, ថវិកាផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រគល់តាមរយៈលោក រ៉ូហ្វី អូស្មាន ចំនួន២លារៀល និងលោកស្រី ម៉ាណ ណាវី សមាជិកក្រុមជំនួយការផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានឧបត្ថម្ភជាបាល់ទាត់ចំនួន១០គ្រាប់។
គួររំលឹកថា យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលក្រោមការដឹកនាំរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ជាប្រធានបានតែងតាំងក្រុមជំនួយការផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលមានលោកស្រី ដាំ ដារីនី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធាន និងលោក សុខ សង្វារ ជាអនុប្រធាន និងជាប្រធានផ្នែកកីឡា ក្នុងគោលបំណងលើកស្ទួយផ្នែកសិល្បៈ និងកីឡា៕