(ឥណ្ឌា)៖ ប្រទេសឥណ្ឌាទាមទារឱ្យក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនរបស់ចិន Xiaomi បង់ពន្ឋនាំចូលចំនួន ៦.៥៣ពាន់លានរូពី (ប្រហែល ៨៧.៨លានដុល្លារអាមេរិក) បន្ទាប់ពីបានរកឃើញថាក្រុមហ៊ុនចិនមួយនេះបានគេចពន្ធនាំចូល។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុឥណ្ឌា នៅថ្ងៃពុធបានឱ្យដឹងថា នាយកដ្ឋានស៊ើបអង្កេតប្រាក់ចំណូល (DRI) បានអនុវត្តការស៊ើបអង្កេតដែលនាំទៅដល់ការប្រមូលឯកសារពាក់ព័ន្ធរបស់ក្រុមហ៊ុន Xiaomi នៅប្រទេសឥណ្ឌាក្នុងកំឡុងពេលកំពុងស្វែងរកឯកសារពាក់ព័ន្ធ។

នៅក្នុងកំឡុងពេលនៃការស៊ើបអង្កេត បានរកឃើញទៀតថា ថ្លៃ «កម្មសិទ្ធិ និងអាជ្ញាប័ណ្ណ» ដែលបង់ដោយក្រុមហ៊ុន Xiaomi India (បុត្រសម្ព័ន្ធរបស់ Xiaomi ប្រចាំប្រទេសឥណ្ឌា) ទៅឱ្យក្រុមហ៊ុន Qualcomm របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនចិន Beijing Xiaomi Mobile Software គឺមិនបានរាប់បញ្ចូលទៅក្នុងតម្លៃប្រតិបត្តិការ ឬការបង់ពន្ធទេ។

បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេត, DRI បានចេញសេចក្តីជូនដំណឹងបង្ហាញពីមូលហេតុចំនួន៣ ដល់ Xiaomi ទាក់ទងនឹងការកើនឡើងនៃ ទឹកប្រាក់ចំនួន ៦.៥៣ពាន់លានរូពី នៅក្នុងរវាងខែមេសា ២០១៧ និងខែមិថុនាឆ្នាំ២០២០ សម្រាប់ការបង់ពន្ធ ហើយពាក់ព័ន្ធនឹងករណីនេះក្រុមហ៊ុន Xiaomi មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយរបស់ CNBC ទេ។

រឿងនេះមិនមែនជាលើកទីមួយទេ ដែលឥណ្ឌាចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាចិន ដោយកាលពីឆ្នាំមុន ឥណ្ឌាក៏បានហាមឃាត់កម្មវិធីទូរស័ព្ទដៃរបស់ចិនចំនួន ១១៨ ដែលរួមមានកម្មវិធី Wechat, Alipay, Tiktok និង PUBG Mobile ផងដែរ៕