(យ៉ាអ៊ូនដេ)៖ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិហ្គាបុង កីឡាករ Pierre-Emerick Aubameyang ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ១៩ នៅក្នុងការធ្វើដំណើរទៅដល់ប្រទេសកាមេរូននាថ្ងៃព្រហស្បតិ៍ ដែលជាការគម្រាមកំហែងការចូលរួមរបស់លោកនៅក្នុងការប្រកួតពានរង្វាន់ Africa Cup of Nations។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២។

កីឡាកររបស់ក្លិបកាំភ្លើងធំ Arsenal និងមិត្តរួមក្រុម Mario Lemina បានរកឃើញវិជ្ជមានវិញ (លាប់) នៅពេលធ្វើតេស្តពេលធ្វើដំណើរ ទៅដល់អាកាសយានដ្ឋាន Yaounde ជាមួយនឹងជំនួយការគ្រូបង្វឹក លោក Anicet Yala។ នេះបើតាមសហព័ន្ធបាល់ទាត់ហ្គាបុង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

សេចក្តីថ្លែងការណ៍បន្ថែមថា មកដល់ពេលនេះមានមនុស្ស ៣នាក់ហើយដែលត្រូវបានបញ្ជាក់ដោយ PCR ថាវិជ្ជមានកូវីដ១៩។

ប្រសិនបើរកឃើញវិជ្ជមានម្តងទៀត ពួកគេនឹងត្រូវធ្វើចត្តាឡីស័ក ហើយពិតជាខកខានការប្រកួតបើកឆាករបស់ក្រុមជម្រើសជាតិហ្គាបុង នៅក្នុងពូល C ដែលត្រូវប៉ះជាមួយក្រុមកោះកូម៉ូរ៉ូ នៅទីក្រុង Yaounde នាថ្ងៃចន្ទសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Africa Cup of Nations នឹងចាប់ផ្តើមនៅថ្ងៃទី០៩ ខែមករា រហូតដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២៕