(មេនឆេស្ទឺ)៖ អ្នកចាត់ការក្លិប Manchester City លោក Pep Guardiola នឹងអវត្តមានការប្រកួតជុំទី៣ នៃពាន FA Cup នាថ្ងៃសុក្រសប្តាហ៍នេះ ដែលត្រូវទៅជួបក្រុមមកពីលីគទី៤ Swindon Town បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ១៩។ នេះបើតាមការឲ្យដឹងពីក្លិបលេងនៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២។
ក្លិប City បានឲ្យដឹងថា លោក Guardiola បានលាប់ជំងឺកូវីដ១៩ នាថ្ងៃអង្គារជាមួយនឹងជំនួយការផងដែរ គឺលោក Juanma Lillo។
«ពួកគាត់ទាំងពីរនាក់ឥឡូវនេះកំពុងធ្វើចត្តាឡីស័ក ជាមួយយនឹងអ្នកវិជ្ជមានមួយចំនួននៅក្នុងក្រុមជម្រើសដំបូងរបស់ក្លិប City» នេះបើតាមក្លិប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។
ក្លិបបានបន្ថែមថា ជំនួយការគ្រូបង្វឹក លោក Rodolfo Borrell នឹងទទួលបន្ទុកដឹកនាំក្រុមសម្រាប់ការប្រកួតនាថ្ងៃសុក្រនេះ។
ក្លិបបានបញ្ជាក់ថា កីឡាករស្ថិតក្នុងក្រុមជម្រើសដំបូងចំនួន ៧នាក់ និងបុគ្គលិកចំនួន ១៤នាក់កំពុងធ្វើចត្តាឡីស័ក ដោយសារហេតុផលពាក់ព័ន្ធនឹងកូវីដ១៩។
គួរឲ្យដឹងថា City កំពុងឈរនៅកំពូលតារាង Premier League មាន ៥៣ពិន្ទុ ក្រោយឆ្លងកាត់ ២១ប្រកួត មាន១០ពិន្ទុលើក្រុមលំដាប់ទី២ Chelsea ដែលពួកគេនឹងធ្វើជាម្ចាស់ផ្ទះជួបប្រកួតនៅថ្ងៃទី១៥ ខែមករាខាងមុខ បន្ទាប់ពីប្រកួតជាមួយក្រុម Swindon រួច៕