(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ ក្រុមហ៊ុនអចលនទ្រព្យជាច្រើន ចាប់ផ្ដើមបន្ដដំណើរការសាងសង់ និងបើកគម្រោថ្មីៗជាច្រើននៅកម្ពុជា។ ជាក់ស្ដែងក្រុមហ៊ុន ខេមបូឌាន ខាសិន ហ្គរ័ជី រៀល អ៊ីស្ទែត ឯ.ក បានបើកដំណើរការសាងសង់ និងលក់គម្រោងបុរីរបស់ខ្លួនគឺបុរី ខាសិន ភ្នំពេញ ជាផ្លូវការនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ។

លោក ហ្វាន ទឺហ័រ អគ្គនាយក បុរី ខាសិន បានថ្លែងថា សម្រាប់ បុរី ខាសិន ភ្នំពេញ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ខេមបូឌាន ខាសិន ហ្គរ័ជី រៀល អ៊ីស្ទែត ឯ.ក ជាក្រុមហ៊ុនបុត្រសម្ពន័ របស់ក្រុមហ៊ុនធំនៅហុងកុងឈ្មោះ ខាសិន ហូលឌីង គ្រុប។ កន្លងមកក្រុមហ៊ុនបានវិនិយោគ តំបន់សេដ្ឋកិច្ចទំហំ៥០០ហិកតា តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ សម្រាប់គម្រោងបុរីខាសិននេះ ជាគម្រោងអភិវឌ្ឍលំនៅដ្ឋានដំបូង និងមានទីតាំងលើផ្លូវជាតិលេខ៣។

លោកបន្ដទៀតថា ការជ្រើសរើសការអភិវឌ្ឍន៍លំនៅដ្ឋានខាសិន លើផ្លូវជាតិលេខ៣នេះ ដោយសារតែមើលឃើញពីសក្ដានុពលខ្ពស់ នៅតំបន់នេះដែលហ៊ុមព័ទ្ធដោយផ្សារ សាលារៀនតូចធំ មន្ទីពេទ្យ រោងកុន កន្លែងលក់ចំណីអាហា ទីតាំងងាយស្រួលធ្វើដំណើរ មានហេដ្ឋារចនាសម្ព័នផ្លូវជាតិធំៗ ងាយស្រួលរស់នៅ និងធ្វើអាជីវកម្ម ដូចជាផ្លូវជាតិលេខ៣ ស្ពានអាកាសចោមចៅជាដើម ផ្លូវក្រវាត់ក្រុងទី៣ មានចម្ងាយត្រឹមតែ៧០ម៉ែត្រប៉ុណ្ណោះពីបុរី និងនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងភ្នំពេញ។

លោកបញ្ជាក់ថា ការសាងសង់បុរីខាសិននេះ ធ្វើឡើងក្នុងចក្ខុវិស័យចង់ក្លាយ ជាអ្នកអភិវឌ្ឍលំនៅដ្ឋានលេចធ្លោ និង មានគុណភាពខ្ពស់។ ចំពោះគុណភាពមិនសំដៅលើតែគុណភាពសំណង់ប៉ុណ្ណោះទេ តែថែមទាំងគុណភាពនៃ ការរស់នៅពិតជាក់ស្ដែង។ ដោយឡែកសម្រាប់បុរីខាសិន ភាពទាក់ទាញខ្លាំងជាងគេបំផុតនោះ គឺទីតាំងមានទំហំធំជាប់ផ្លូវជាតិធំៗ គឺផ្លូវជាតិលេខ៣ និងក្រវ៉ាត់ក្រុងទីបី មួយវិញទៀតគឺផ្ដោតលើគុណភាព ទាំងការរស់នៅ និងសំណង់ស្ថាបត្យកម្ម បូករួមជាមួយម៉ូតផ្ទះ ស្ដង់ដារអន្តរជាតិ ទិដ្ឋភាពស្អាតប្លែកភ្នែក សំណង់មានគុណភាពខ្ពស់ជាដើម៕