(សៀមរាប)៖ នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងមន្ទីរពាណិជ្ជកម្ម ខេត្តសៀមរាប លើគោលបំណងធ្វើសហប្រតិបត្តិការដោយភាពស្មោះត្រង់ក្នុងការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកលើតម្រូវការ កម្លាំងពលកម្មជំនាញ និងការអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វិស័យក្នុងរង្វង់វិសាលភាពនៃភាគីនីមួយៗព្រមទាំងចូលរួមផ្តល់នូវធាតុចូល និងធនធាន (មនុស្ស សម្ភារៈ ហិរញ្ញវត្ថុ) ដើម្បីជម្រុញឱ្យការអភិវឌ្ឍ និងការរៀបចំកញ្ចប់បណ្តុះបណ្តាល សម្រាប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលអាចផ្គត់ផ្គង់អ្នកជំនាញបច្ចេកទេស កម្មករជំនាញកាន់តែមានប្រសិទ្ធិភាពខ្ពស់ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារកម្លាំងពលកម្មទាំងពេលបច្ចុប្បន្ន និងអនាគតប្រកបដោយសមត្ថភាពប្រកួតប្រជែងនិងមានសីលធម៌វិជ្ជាជីវៈ។

លោក ថោង ប៊ុនថារី ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានលើកឡើងថា ថ្ងៃនេះមានក៏ប្រធានដែលមកពីស្ថាប័នចំនួន៤ថែមទៀត ដែលសរុបជាសំឡេងប្រហែលជា១០០០នាក់ នៅក្នុងការដឹកនាំរបស់ប្រធាននីមួយៗនៃស្ថាប័ន។ ក្នុងឱកាសនេះ តាងនាមប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប លោក ថោង ប៊ុនថារី ពិតជាមានសេចក្តី សោមនស្សរីករាយខ្លាំងដែលបានចូលរួមពិធីចុះអនុស្សរណៈជាមួយ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដែលនេះជាសករាជថ្មីមួយសម្រាប់ខេត្តសៀមរាប ក្នុងការធ្វើសកម្មភាពរួមគ្នាដើម្បីលើកស្ទួយកម្លាំងពលកម្ម និងពហុជំនាញ។

លោកបន្តទៀតថា នេះក៏ជាឱកាសល្អមួយទៀត ក្នុងខេត្តសៀមរាបទទួលបានកម្លាំងជំនាញពិតប្រាកដ ក៏ដូចជាការចូលរួមកាត់បន្ថយភាពក្រីក្រផងដែរ។ ជាបច្ចុប្បន្ន អ្នកពាក់ព័ន្ធទាំងអស់បានចូលរួមបង្កើតឱកាសការងារជាច្រើនជូនដល់ប្រជាពលរដ្ឋតាមរយៈ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប និងសមាគមដ៏ទៃទៀតដែលបានអញ្ជើញចូលរួមនាថ្ងៃនេះ។ ជាការប្តេជ្ញារចិត្ត លោក ថោង ប៊ុនថារី នឹងចូលរួមជាមួយ លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប និងលោកបណ្ឌិត ម៉ប់ ស៊ីនួន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដើម្បីកិច្ចសហការឲ្យកាន់តែល្អប្រសើរ បន្ទាប់ពីបានចុះអនុស្សរណៈនេះរួចរាល់។

លោកបណ្ឌិត ម៉ប់ ស៊ីនួន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរបានលើកឡើងថា រាជរដ្ឋាភិបាលមានការលើកទឹកចិត្តខ្ពស់ចំពោះការសហការរវាង វិស័យរដ្ឋ និងឯកជន ពីព្រោះសេដ្ឋកិច្ចដែលមានភាពរីកចម្រើនត្រូវមានការចូលរួមពីវិស័យឯកជន ដែលទាមទារឲ្យមានកិច្ចសហការជាមួយគ្នាប្រកបដោយស្មារតីសហការល្អ និងទំនាក់ទំនងល្អ។ ជាសក្ខីភាពនាថ្ងៃនេះ យើងបានជជែកគ្នារួចមកហើយអំពី ការរកពេលវេលាសមស្របណាមួយសម្រាប់រៀបចំពិធីផ្លូវការ ក្នុងការសហការគ្នាប្រកបដោយសេចក្តីសោមនស្សរីករាយ និងសហការដ៏យូរអង្វែង។

លោកបណ្ឌិតបន្ថែមទៀតថា កន្លងមកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរមានដៃគូជាច្រើន ហើយក្នុងថ្ងៃនេះយើងមានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាបជាដៃគូ ហើយលោកជឿថាក្នុងនោះមានសមាជិកប្រមាណជាង១០០នាក់ ឬជាង១០០ក្រុមហ៊ុនក្នុងខេត្តសៀមរាប។ សហគ្រិនអាចធ្វើទស្សនៈកិច្ចសិក្សា ចំពោះបុគ្គលិកក្នុងផ្នែកណាមួយដែលមានតម្រូវការ វិទ្យាស្ថាននឹងធ្វើការផ្តល់ជូនតាមតម្រូវការតាមលទ្ធភាពដែលអាចធ្វើទៅបានដូចជា ផ្នែកម៉ាស៊ីនត្រជាក់ និងជំនាញផ្សេងៗតាមការស្នើសុំ។ មួយវិញទៀតសហគ្រិនក៏អាចបញ្ជូនបុគ្គលិកមកសិក្សានូវជំនាញណាមួយនៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរបាន។

នាឱកាសនោះដែរ លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាបបានលើកឡើងថា ជាក់ស្តែងលោកបានស្គាល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាបប្រហែលជាពីរ បីឆ្នាំមកនេះ ហើយក៏មានកិច្ចការជាច្រើនដែលបានសហការជាមួយគ្នា ហើយក៏កាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នារហូតមកដល់ពេលនេះ។ នេះហើយជាសាវតានៃការទំនាក់ទំនង។ អ្វីដែលយើងត្រូវការគឺ កិច្ចមួយដែលចាប់ផ្តើមហើយទៅជាមួយគ្នា ទោះបីជាចាប់ផ្តើមយឺត តែមិនថយក្រោយ ព្រមទាំងមានការឯកភាពគ្នា។
លោកប្រធានមន្ទីរបន្តថា យើងដឹងថាកិច្ចការមួយដែលខ្លាំងឬខ្សោយ មួយចំណែកធំគឺអាស្រ័យលើមនុស្សជាអ្នកដឹកនាំ ហើយប្រទេសខ្លាំងឬខ្សោយ ក៏អាស្រ័យលើធនធានសេដ្ឋកិច្ចរបស់មនុស្សដែរ។ នេះជាហេតុផលមួយដែលយើងលើកយកមកជជែកក្នុងន័យសហគ្រិន ដោយយើងមានគ្រឹះកសាងធនធានមនុស្ស ជាមួយនិងគ្រឹះមួយទៀតគឺ បច្ចេកវិទ្យា ដែលដើរទទឹមគ្នា ហើយតម្រូវទាំងពីរនេះគឺមិនថយក្រោយទេ។ លោកជឿជាក់កន្លងមកលើសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប គឺយើងមិនដកថយរាល់ការងារណាមួយទេ រាល់បញ្ហាលំបាកទាំងអស់គឺអាចជជែកគ្នា ដោះស្រាយជាមួយគ្នា និងមិនព្យាយាមដាក់កំហុសលើគ្នាឡើយ។

សូមបញ្ជាក់ថា ពិធីចុះអនុស្សរណៈនោះ ត្រូវបានសហការរៀបចំដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ មន្ទីរពាណិជ្ជកម្ម ខេត្តសៀមរាប និងមានការចូលរួមគាំទ្រពី សមាគមទេសចរណ៍កម្ពុជា ខេត្តសៀមរាប Lion Club និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ខេត្តសៀមរាប ដែលរៀបចំឡើងនៅសាលប្រជុំ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ៕