(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast គ្រោងនឹងសាងសង់រោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនី និងគ្រឿងបន្លាស់ផ្សេងៗ នៅសហរដ្ឋអាមេរិក ដែលវាជាផែនមួយនៃផែនការណ៍យុទ្ធសាស្ត្រសម្រាប់វាយលុយទីផ្សាររថយន្តអគ្គិសនី នៅ សហរដ្ឋអាមេរិក។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast នឹងចាប់ផ្ដើមសង្វាក់ផលិតកម្មរថយន្តអគ្គិសនីនៅក្នុងរោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក នាពាក់កណ្ដាលឆ្នាំ ២០២៤ ហើយ ចំពោះ ផែនការផលិតអាគុយសម្រាប់រថយន្តអគ្គិសនីក៏អាចនឹងចាប់ផ្ដើមនៅពេលឆាប់ៗខាងមុខនេះផងដែរ។
លោកស្រី Le Thi Thu Thuy អគ្គនាយករងក្រុមហ៊ុន Vingroup ដែលជាមេធំរបស់ VinFast បានថ្លែងឱ្យដឹងថា «យើងនឹងសាងសង់រោងចក្រយក្សរបស់យើងនៅសហរដ្ឋអាមេរិក និងធ្វើវាឱ្យល្អបំផុតទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ នៅដំណាក់កាលដំបូងនៃការផលិតរថយន្តគឺយើងបានសហការជាមួយនឹងដៃគូរផ្គត់ផ្គង់អាគុយ ប៉ុន្តែឆាប់ៗនេះយើងនឹងផលិតអាគុយដោយខ្លួនឯង ហើយផលិតវានៅលើទឹកដីអាមេរិកតែម្ដង»។
លោកស្រីបានបន្ថែមទៀតថា មានទីតាំងជាច្រើនដែលលោកស្រីបានទៅពិនិត្យហើយ ហើយនៅពេលនេះក៏មានទីតាំងមួយចំនួនដែល អាច បង្កើតរោងចក្របានផងដែរ ប៉ុន្តែនៅពេលនេះគឺកំពុងតែសិក្សាទៅលើលក្ខខណ្ឌផ្សេងៗ។
កាលពីខែធ្នូកន្លងទៅនេះ VinFast ក៏បានប្រកាសឱ្យដឹងផងដែរថា ខ្លួននឹងចាប់ផ្ដើមផលិតអាគុយរថយន្តអគ្គិសនីនៅក្នុងប្រទេសវៀតណា ដែលជាទឹកដីកំណើតរបស់ខ្លួន ដើម្បីផ្គត់ផ្គង់សង្វាក់ផលិតកម្មរថយន្តអគ្គិសនីផ្ទាល់ខ្លួន និងបំពេញតម្រូវការទីផ្សារ ហើយក៏ទទួលបាន ការវិនិយោគទុនបន្ថែមរហូតដល់ ១៧៤លានដុល្លារអាមេរិក ដើម្បីពង្រីកសង្វាក់ផលិតកម្មផងដែរ៕