(ឡុងដ៏)៖ ក្លិប Watford របស់លីគអង់គ្លេស សម្រេចបានកិច្ចព្រមព្រៀងជាមួយការនាំយកកីឡាករសញ្ជាតិកូតឌីវ័រ Hassane Kamara ដែលលេងបាន ២ទម្រង់ពីក្លិប Nice នៃលីគបារាំង Ligue 1 ដែលមានកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៥ មកកាន់លីគអង់គ្លេស Premier League ដែលជាក្លិបស្ថិតក្រោមការដឹកនាំដោយ Claudio Ranieri បច្ចុប្បន្ន។
របាយការណ៍ពី Warford Obseerver បានឲ្យដឹងថា កីឡាករ Hassane អាចលេងបាន ២ទម្រង់ទាំងការពារកណ្តាល និងស្លាបឆ្វេង បានព្រមព្រៀងក្នុងតម្លៃត្រឹម ៤លានផោនប៉ុណ្ណោះ នៃកិច្ចសន្យារយៈពេល ៣ឆ្នាំកន្លះ ហើយក៏ជាកីឡាករដំបូងដែលបានផ្ទេរមកកាន់ក្លិប Warford ក្នុងខែមករា ឆ្នាំ២០២២នេះនៃទីផ្សារដោះដូរ ក្នុងចំណោមកីឡាករ ៣រូបផ្សេងទៀតមាន Samir, Edo Kayembe និង Domagoj Vida ដែលអាចបញ្ចប់កិច្ចសន្យានាំមកក្នុងពេលប៉ុន្មានថ្ងៃខាងមុខនោះ។
បច្ចុប្បន្ន Hassane មានវ័យ ២៧ឆ្នាំដោយមុនចាកចេញពីក្លិប Nice រូបគេលេងបាន ១១ប្រកួតផងដែរ ជាក្លិបកំពុងឈរលេខ២ កំពូលតារាងលីគបារាំង Ligue 1 នៃរដូវកាល ២០២១-២២បណ្តោះអាសន្ននេះ ហើយសរុបមករូបគេបានបង្ហាញខ្លួន ៥៣ប្រកួតរកបាន ៣គ្រាប់ឲ្យក្លិប Nice និងបានលេងប៉ះក្រុម Bayer Leverkusen នៅពានលីគទី២ អឺរ៉ុប Europa League កាលពីខែធ្នូ ឆ្នាំ២០២១ ដែលរូបគេផ្ទេរមកពីក្លិប Reims កាលឆ្នាំ២០២០។
តែកីឡាករដែលអាចលេងបានទាំងតំបន់ការពារកណ្តាល និងការពារស្លាបឆ្វេង Hassane មិនត្រូវបានជ្រើសចូលក្រុមជម្រើសជាតិកូតឌីវ័រ សម្រាប់ការប្រជែងពានព្រឹត្តិការណ៍ Africa Cup of Nations នោះទេ៕