(កូរ៉េ)៖ បើទោះបីជាទទួលការតែងតាំង សម្រាប់ពានរង្វាន់ពីកម្មវិធីដ៏ល្បីនៅអាមេរិក «Golden Globes» ក៏ពិតមែន ប៉ុន្តែតារាប្រុស Lee Jong Jae ដែលជាតួង្គ Gi-Hun ក្នុងរឿង «Squid Game» បានប្រកាសថា នឹងមិនចូលរួមកម្មវិធី ក្នុងឆ្នាំ២០២២នេះទេ ដោយសារតែស្ថានភាពកូវីដ-១៩ នៅអាមេរិក និងការធ្វើពហិការ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Soompi នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។
ក្នុងកម្មវិធី «Golden Globes» តារាប្រុស Lee Jong Jae ត្រូវបានតែងតាំងសម្រាប់ ពានរង្វាន់ផ្នែកសម្តែងដ៏ល្អបំផុត តាមរយៈរឿង «Squid Game» ខណៈ «Squid Game» ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ ភាពយន្តភាគល្អបំផុតផងដែរ សម្រាប់ឆ្នាំ២០២២នេះ។ តែយ៉ាងណា នៅថ្ងៃទី០៥ ខែមករា នេះ ក្រុមការងាររបស់តារាប្រុស Lee Jong Jae ស្រាប់តែបានជូនដំណឹងថា តារាប្រុសរូបនេះ បានសម្រេចថា នឹងមិនចូលរួមកម្មវិធីខាងលើវិញ ដោយអះអាងថា ក្រុមហ៊ុន Netflix ក៏មិនបានចូលរួមដូចគ្នាដែរ។ មូលហេតុនេះ ទើបលោកសម្រេចថា មិនចូលរួម ដោយលើកឡើងពីបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងស្ថានការណ៍កូវីដ-១៩ នៅអាមេរិក។
ទោះជាយ៉ាងណាក៏ដោយ កម្មវិធីប្រគល់ពានរង្វាន់ដ៏ល្បីរបស់អាមេរិកមួយនេះ ត្រូវបានគេដឹងថា មានបញ្ហាដ៏ធំមួយនៅពីក្រោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្នុងនោះមានប្រព័ន្ធផ្សព្វផ្សាយល្បីៗ លំដាប់ពិភពលោកជាច្រើន ធ្វើពហិការមិនចូលរួមកម្មវិធីនេះទេ ហើយក៏មិនទទួលយកពានរង្វាន់ដែលត្រូវទទួលផងដែរ ដោយអះអាងថា កម្មវិធីនេះ មានអំពើពុករលួយ និងមានការរើសអើងជាដើម។ ប្រព័ន្ធផ្សព្វផ្សាយកន្លងទៅ ដែលប្រកាសមិនចូលរួមមានដូចជា Netflix, Amazon, និង Warner Media ជាដើម ហើយបញ្ជាក់ថា នឹងចូលរួម ប្រសិនបើអ្នករៀបចំកម្មវិធីនេះ យល់ព្រមក្នុងការកែតម្រូវនូវអ្វី ដែលគេយល់ថាមិនត្រឹមត្រូវ។
គួរជម្រាបថា តារាប្រុស Lee Jung Jae កន្លងមកត្រូវបានរាយការណ៍មកថា គ្រោងចូលរួមក្នុងកម្មវិធី «Critics Choice Awards» ដែលនឹងធ្វើឡើងក្នុងពេលដំណាលគ្នានឹងកម្មវិធី «Golden Globes» ក៏ប៉ុន្តែកាលវិភាគសម្រាប់កម្មវិធីទាំងពីរនេះ ដែលធ្វើឡើងនៅអាមេរិក ត្រូវបានលុបចោល ដោយសារតែស្ថានភាពកូវីដ-១៩៕