(ភ្នំពេញ)៖ អ្នកលេងគុនចម្រុះលំដាប់លេខ១ កម្ពុជាប្រចាំស្ថាប័ន ONE កីឡាករ ចាន់ វឌ្ឍនាកា បាននឹងកំពុងហ្វឹកហាត់នៅក្លិបសាំប៊ូ និងគុនចម្រុះមួយ នៅប្រទេសបារាំង បន្ទាប់ពីគេបានធ្វើដំណើរទៅជួបជុំគ្រួសារនៅទីនោះ កាលពីចុងឆ្នាំ២០២១ កន្លងទៅ។
ក្រោយធ្វើដំណើរដល់ប្រទេសបារាំង មិនយូរប៉ុន្មាន ចាន់ រតនា បានរកកន្លែងហ្វឹកហាត់មួយ ដែលនៅមិនឆ្ងាយពីផ្ទះឪពុកម្ដាយក្មេក និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារគ្រូបង្វឹកប្រចាំក្លិបសាំប៊ូ និងគុនចម្រុះនោះទៀតផង បន្ទាប់ពីពួកគេដឹងថា រតនា គឺជាជើងខ្លាំងមួយរូប នៅលើសង្វៀន ONE Championship ។
បន្ទាប់ពីស្នាក់នៅ និងហ្វឹកហាត់នៅប្រទេសបារាំងប្រហែលជា ៣សប្តាហ៍កន្លងទៅ រតនា បានឲ្យដឹងថា «ខ្ញុំហាត់នៅទីនេះ បានមួយរយៈពេល គឺមិនស្រួលដូចនៅខ្មែរទេ។ យើងធ្លាប់ហាត់នៅខ្មែរអាកាសធាតុក្តៅ ដល់ពេលហាត់នៅបារាំង អាកាសធាតុត្រជាក់ខ្លាំង ពិបាកខ្លះដែរ» ។ យ៉ាងណាមិញគេរំពឹងថា បន្ទាប់ពីស្នាក់នៅយូរ ខ្លួននឹងអាចសាំជាមួយអាកាសធាតុ ហើយអាចហ្វឹកហាត់បានពេញលេញដូចនៅខ្មែរដែរ ។
ពាក់ព័ន្ធនឹងការរកការងារធ្វើវិញ រតនា កំពុងពិភាក្សាជាមួយក្លិបខាងលើ ដើម្បីមានឱកាសបង្ហាត់គុនខ្មែរនៅទីនោះតែម្ដង ។ កីឡាករវ័យ ៣៥ឆ្នាំរូបនេះ និយាយថា «នៅក្លិបហ្នឹង អត់មានអ្នកបង្ហាត់គុនខ្មែរទេ ឬសូម្បីមួយថៃក៏អត់ដែរ។ ពេលខ្ញុំជួបពិភាក្សាជាមួយក្លិប ខ្ញុំប្រហែលជាអាចធ្វើជាគ្រូបង្ហាត់គុនខ្មែរនៅក្លិបនោះ ហើយហាត់គុនចម្រុះខ្លួនឯងផង ។ ផែនការនេះ អាចជាការងាររបស់ខ្ញុំ សម្រាប់ឆ្នាំ២០២២ នេះ»។
សម្រាប់ឱកាសវិលមកឡើងសង្វៀន ONE Championship វិញ ត្រូវបាន ចាន់ រតនា បញ្ជាក់ថា មិនទាន់ច្បាស់នោះទេ ព្រោះគម្រោងការស្នាក់នៅប្រទេសបារាំងយូរកម្រិតណា ឬត្រូវធ្វើអ្វីខ្លះ ក៏មិនទាន់ប្រាកដដែរ ប៉ុន្តែរូបគេនៅតែមានមហិច្ឆតាឡើងប្រកួតនៅសង្វៀនលំបំផុតរបស់អាស៊ីមួយនេះបន្ដទៀត៕