(តូក្យូ)៖ ក្រុមហ៊ុនបច្ចេកវិទ្យា និងកម្សាន្តរបស់ជប៉ុន Sony Group Corp បានប្រកាសបង្ហាញពីគម្រោងឈានជើងចូលទីផ្សារថយន្ត អគ្គិសនី ជាមួយនឹងការបង្កើតក្រុមហ៊ុនថ្មីមួយដែលមានឈ្មោះថា «Sony Mobility Inc»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។
នៅក្នុងព្រឹត្តិការណ៍ CES នាទីក្រុង Las Vegas សហរដ្ឋអាមេរិក លោក Kenichiro Yoshida ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន ក្រុមហ៊ុន Sony បានបង្ហាញពីរូបរាងគំរូដើមនៃរថយន្តអគ្គិសនីដែលមានឈ្មោះថា Vision S ដោយរថយន្តអគ្គិសនីមួយនេះនឹងត្រូវ ជ្រក ក្រោម ឈ្មោះក្រុមហ៊ុនថ្មី «Sony Mobility Inc»។
លោក Yoshida បានបញ្ជាក់ថា Sony ជាមួយក្រុមហ៊ុនបច្ចេកវិទ្យា និងការកម្សាន្តដ៏ពេញនិយមមួយនៅក្នុងពិភពលោក ដូច្នេះការឈាន ជើង ចូលទីផ្សាររថយន្តអគ្គិសនីគឺជាឱកាសថ្មីមួយក្នុងការបង្កើតប្រាក់ចំណូល ហើយ Sony ជឿជាក់ថាអតិថិជននឹងចេញចិត្តជាមួយនឹង លក្ខណ: ពិសេសនានាដែលនឹងបំពាក់មកជាមួយរថយន្ត Vision S។
ត្បិតតែក្រុមហ៊ុន Sony បានប្រកាសបង្ហាញពីជំហររបស់ខ្លួនក្នុងការឈានជើងចូលទីផ្សារថយន្តអគ្គិសនីក្ដី ប៉ុន្តែក្រុមហ៊ុនជប៉ុនមួយនេះ មិន បាន បង្ហាញពីទំហំនៃការវិនិយោគ និងគោលដៅនៃការលក់រថយន្តឡើយ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei បានឱ្យដឹងថា តម្លៃហ៊ុនរបស់ក្រុមហ៊ុន Sony បានកើនឡើងប្រមាណជា ៤,២ភាគរយភ្លាមៗ ក្រោយពេលក្រុមហ៊ុនបានប្រកាសបង្ហាញពីគម្រោងរថយន្តអគ្គិសនី។
គួរបញ្ជាក់ផងដែរថា Wall Street បានលើកឡើងថា បច្ចុប្បន្ន Tesla កំពុងតែកាន់កាប់ចំណែកទីផ្សារដ៏ធំរបស់រថយន្តអគ្គិសនី ប៉ុន្តែ អ្នកវិនិយោគទុនជាច្រើនគឺកំពុងតែរង់ចាំវត្តមានរថយន្តអគ្គិសនី ឬរថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Apple ព្រោះគេជឿជាក់ ថា វាអាចនឹងមកជំនួសតំណែងរបស់ Tesla បាន៕