(ចិន)៖ ខណៈឆ្នាំ២០២១ ត្រូវបានបញ្ចប់ ប្រទេសចិនត្រូវបានរាយការណ៍ថា ក្លាយជាទីផ្សារភាពយន្តដ៏ធំបំផុតលើពិភពលោក បន្ទាប់ពីរកប្រាក់ចំណូលបានរហូតដល់ទៅ ៧.៣ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ពីការលក់សំបុត្រចូលទស្សនាភាពយន្ត ត្បិតថាពិភពលោកទាំងមូលជួបវិបត្តិកូវីដ-១៩ អស់រយៈពេល២ឆ្នាំមកហើយក្តី។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Hollywood Reporter នាពេលថ្មីៗនេះ បានឲ្យដឹងថា សរុបប្រាក់ចំណូលដែលបានមកពីការលក់សំបុត្រចូលទស្សនាភាពយន្ត ក្នុងប្រទេសចិន ប្រចាំឆ្នាំ២០២១ គឺបានទឹកប្រាក់ចំនួន ៧.៣ពាន់លានដុល្លារ កើនឡើងខ្លាំងជាឆ្នាំ២០២០។ តែយ៉ាងណា ប្រាក់ចំណូលនេះ បានធ្លាក់ចុះ ២៦ភាគរយៈ បើប្រៀបធៀបទៅឆ្នាំ២០១៩ ដែលទទួលបាន ៩.២ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យពីការិយាល័យប្រាក់ចំណូល បានមកពីវិស័យភាពយន្ត Artisan Gateway។

ខណៈដែលទីផ្សារភាពយន្តក្នុងប្រទេសចិន មានសន្ទុះខ្លាំងនៅចុងទសវត្សរ៍ឆ្នាំ២០០០ និង២០១០ វិស័យភាពយន្តហូលីវូដ ត្រូវបានគេមើលឃើញថា មានការកើនឡើងជារៀងរាល់ឆ្នាំ ក្នុងការចាក់បញ្ចាំងនៅប្រទេសចិន ខណៈដែលវាបានចូលរួមចំណែកទីផ្សារប្រចាំឆ្នាំ ចន្លោះពី៣០ទៅ៥០ភាគរយ។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមក្នុងឆ្នាំ២០២១ សម្រាប់រឿងហូលីវូដក្នុងប្រទេសចិន គឺការខ្វះខាតភាពយន្តក្នុងការចាក់បញ្ចាំង ដោយសារតែរឿងដែលគ្រោងបញ្ចេញ ត្រូវបានពន្យារពេលដោយសារតែការរាតត្បាត ជំងឺកូវីដ-១៩។

យ៉ាងណាមិញ សម្រាប់ឆ្នាំ២០២២នេះ វិស័យភាពយន្តក្នុងស្រុករបស់ចិន បានងើបឡើងវិញជាបណ្តើរៗ បន្ទាប់ពីរងផលប៉ះពាល់ដោយសារ កូវីដ-១៩៕