(ឡុងដ៏)៖ ក្លិបលីគអង់គ្លេស Newcastle United ត្រូវបានរបាយការណ៍បង្ហាញថា មានការព្រមព្រៀងនាំយកកីឡាករខ្សែការពារ Kieran Trippier ពីក្លិបអេស្ប៉ាញ Atletico Madrid ត្រឡប់មកកាន់ Premier League វិញដោយមានតម្លៃត្រឹម ១២លានផោនបូករួមទាំងប្រាក់ឈ្នួលបន្ថែម ដែលរូបគេបានធ្វើតេស្តសុខភាពក្នុងថ្ងៃពុធនេះ។ នេះបើតាមប្រភព BBC ចេញផ្សាយនាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។
ក្លិបអ្នកមានជាងគេ Newcastle United បានព្រមព្រៀងនាំយកបុរសវ័យ ៣១ឆ្នាំ Trippier មកកាន់ទឹកដីលីគអង់គ្លេសនេះ បានក្លាយជាការទិញដូរកីឡាករដំបូងគេប្រចាំក្លិបដែលមានមហាសេដ្ឋីមកពីអារ៉ាប៊ីសាអូឌីត ហើយជាលើកដំបូងក្រោមការដឹកនាំដោយអ្នកចាត់ការលោក Eddie Howe ចាប់តាំងពីគាត់បានចូលកាន់តំណែងគ្រូបង្វឹកកាលពីខែវិច្ឆិកា ឆ្នាំ២០២១។
បុរសសញ្ជាតិអង់គ្លេស Trippier ជាអតីតកីឡាករក្លិប Tottenham Hotspur ដែលបានផ្ទេរទៅកាន់លីគ La Liga ជាមួយក្លិប Atletico Madrid កាលឆ្នាំ២០១៩ ក្នុងតម្លៃប្រមាណ ២០លានផោន ខណៈលោកបានចំណាយពេលជាមួយក្លិបអេស្ប៉ាញ At Madrid បង្ហាញខ្លួនបាន ៨៣ប្រកួត និងឈ្នះពាន La Liga 2020 និងជាខ្សែការពារឆ្នើម្នាក់របស់ក្រុមតោកំណាចអង់គ្លេស ដែលរួមចំណែកជួយក្រុមឡើងទៅវគ្គផ្តាច់ Euro 2020 រដូវក្តៅមុន។
Trippier មានប្រវត្តិជាអតីតខ្សែការពារម្នាក់លេងក្នុងលីគអង់គ្លេស ជាមួយក្លិប Manchester City, Barnsley, Burnley និងក្លិប Tottenham Hotspur ដែលបានរួមចំណែកជួយក្រុមមាន់ខ្នាយមាស (Spurs) បានរងជើងឯកពាន UEFA Champions League 2018-2019 ដែលជាកីឡាករលេងបាន ៣៥ប្រកួតឲ្យជម្រើសជាតិតោកំណាចអង់គ្លេសផងដែរ។
បច្ចុប្បន្នក្លិបរហស្សនាម (សារិកាព្រៃ) Newcastle United កំពុងឈរលេខ១៩ នៃបាតតារាងលីគ ដោយរកបានជ័យជម្នះតែ ១លើកប៉ុណ្ណោះគិតត្រឹមសប្តាហ៍ទី១៩ របស់ពួកគេ ដោយនៅថ្ងៃសៅរ៍ ទី០៨ ខែមករា ក្រុមលោក Howe ត្រូវប៉ះក្រុម Cambridge United ក្នុងពាន FA Cup ជុំទី៣ មុនទៅជួបស្វែងរក ៣ពិន្ទុក្នុងលីគកំពូលជាមួយក្រុម Watford នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ៕